ដោយ: លាងហួរ
ប្រទេសចិន: ប្រទេសចិនគ្រោង នឹងបង្កើតមូលនិធិវិនិយោគលើហេ ដ្ឋារចនាសម្ព័ន្ធរដ្ឋ ដែលមានតម្លៃ៥០០ពាន់លានយ័ន(៧៤,៦៩ពាន់លានដុល្លារ) ដើម្បីជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងស្តារសេដ្ឋកិច្ចឡើងវិញ។
សេដ្ឋកិច្ចរបស់ប្រទេសចិន បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ក្រោយវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទទីក្រុងធំៗចាប់តាំងពីត្រីមាសទី២ ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យ និងការចំណាយអ្នកប្រើប្រាស់បានបន្តធ្លាក់ចុះ និងការភ័យខ្លាចនៃរលក នៃការឆ្លងកើតឡើងម្តងទៀត។
ប្រភពមួយបានទម្លាយឱ្យដឹងថា មូលនិធិក្រោមទឹកប្រាក់៥០០ពាន់លានយ័ន ត្រូវបានគេរំពឹងថានឹងបង្កើតឡើងនៅក្នុងត្រីមាសទី៣។
ប្រទេសចិនបានដាក់ចេញ នូវវិធានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាអ្នកវិភាគនិយាយថា គោលដៅជម្រុញកំនើនផលិតផលក្នុងស្រុក សរុបផ្លូវការរបស់ប្រទេសចិន នឹងមានប្រហែលតែ៥,៥%សម្រាប់ឆ្នាំ២០២២នេះក៏ដោយ។
អាជ្ញាធរចិនបានសន្យាផ្តល់ប្រាក់៨០០ពាន់លានយ័ន ក្នុងកូតាឥណទានថ្មី និងផ្តល់៣០០ពាន់លានយ័ន សម្រាប់ចេញមូលបត្របំណុលដល់ធនាគារដើម្បីគាំទ្រដល់គម្រោងធំៗ។
ប្រភពមួយបានប្រាប់សារពត៌មានReutersថា ប្រទេសចិននឹងចេញកូតាមូលបត្របំណុល រដ្ឋាភិបាលមុនឆ្នាំ២០២៣ នៅក្នុងត្រីមាសទី៤ ដោយកូតាថ្មីនេះ ទំនងជាធំជាង១,៤៦ពាន់ពាន់លានយ័ន សម្រាប់ឆ្នាំ២០២២។
ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់សារពត៌មានReuters នោះទេ។
គណៈរដ្ឋមន្ត្រីចិនបានប្រាប់រដ្ឋាភិបាល ក្នុងតំបន់ឱ្យធានាឱ្យបានទឹកប្រាក់៣,៤៥ពាន់ពាន់លានយ័ន ក្នុងការចេញមូលបត្របំណុល សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ចំនួន៣,៦៥ពាន់ពាន់លានយ័ន ដែលត្រូវបានបញ្ចប់នៅចុងខែមិថុនា៕