ក្រុមហ៊ុន Evergrande គ្រោងរៀបចំបំណុលឡើងវិញដែលនឹងផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយវិបត្តិអចលនទ្រព្យចិន

0

ដោយៈ សុខុម

ហុងកុង: តាមការរំពឹងទុក ក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក នឹងប្រកាសក្នុងសប្តាហ៍នេះ នូវផែនការរៀបចំបំណុលឡើងវិញ។

ការរៀបចំបំណុលឡើងវិញនេះ នឹងមិនត្រឹមតែកំណត់ជោគវាសនារបស់ក្រុមហ៊ុននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវិធី ដែលរដ្ឋាភិបាលក្រុងប៉េកាំង គ្រោងដោះស្រាយបញ្ចប់វិបត្តិអចលនទ្រព្យ ដែលធ្លាក់កាន់តែជ្រៅផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា។

ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande
កំពុងតែជួបវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំមុន ដោយត្រដាបត្រដួសខ្លាំង ក្នុងការទូទាត់សងអ្នកផ្គត់ផ្គង់ ម្ចាស់បំណុល និងវិនិយោគិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមដាក់ចេញវិធានការ ដើម្បីគ្រប់គ្រងកម្រិតបំណុលខ្ពស់ ហួសកម្រិតរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នានា។

វិបត្តិសាច់ប្រាក់នៅក្រុមហ៊ុន Evergrande បានធ្វើឱ្យបំណុលរបស់ខ្លួននៅបរទេស ចំនួន២២,៧ពាន់លានដុល្លារ រួមទាំងឥណទាន និងមូលបត្របំណុលឯកជនផង ខកខានទូទាត់សងតាមពេលវេលាកំណត់។

វិបត្ដិក្រុមហ៊ុននេះ បានរីករាលដាលដល់ក្រុមហ៊ុនផ្សេងៗទៀត ក្នុងវិស័យអចលនទ្រព្យ ដោយធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចិន តូចៗជាច្រើនខកខានទូទាត់បំណុលជាបន្តបន្ទាប់ នៅពេលស្ថានភាពឥណទានរបស់ក្រុមហ៊ុនទាំងនោះកាន់យ៉ាប់យ៉ឺនទៅៗ។

ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលក់ដាច់បំផុតនៅប្រទេសចិនបាននិយាយថា ខ្លួននឹងប្រកាសផែនការរៀបចំបំណុល នៅក្រៅប្រទេសរបស់ខ្លួនឡើងវិញ នៅត្រឹមដំណាច់ខែកក្កដា ហើយតាមការរំពឹងទុកថា វានឹងក្លាយជាគំរូដ៏ល្អមួយ សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ដែលកំពុងជួបវិបត្តិសាច់ប្រាក់ដូចគ្នា។

ទោះជាយ៉ាងណា សំណើរៀបចំបំណុលឡើងវិញនេះ នឹងធ្វើឡើងក្នុងគ្រា ដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែយ៉ាប់យ៉ឺនទៅៗ ហើយវិស័យអចលនទ្រព្យ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here