ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ចិន ត្រូវបានតុលាការបង្គាប់ឱ្យផ្ដល់សំណង១,១ពាន់លានដុល្លារទៅអ្នកធានា

0

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ China Evergrande Group បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ថា បុត្រសម្ព័ន្ធមួយរបស់ខ្លួន ដែលមានឈ្មោះថា Evergrande Group (Nanchang) Co, Ltd ត្រូវបានតុលាការបង្គាប់ ឱ្យផ្ដល់សំណង១,០៨ពាន់លានដុល្លារ ទៅអ្នកធានាម្នាក់ចំពោះការមិនគោរពកាតព្វកិច្ចបំណុលរបស់ខ្លួន។

ក្រុមហ៊ុន Evergrande បានចេញសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង ថា នៅខែកក្កដា ឆ្នាំ២០២១ អ្នកធានានោះបានផ្តល់ការធានា សម្រាប់ការខ្ចីប្រាក់របស់ក្រុមហ៊ុនមួយចំនួន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Evergrande។

ក្រុមហ៊ុន Evergrande Group (Nanchang) Co, Ltd បានឱ្យអ្នកធានាដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានផ្ដល់ការធានាលើភាគហ៊ុនចំនួន១,៣ពាន់លានភាគហ៊ុន ដែលខ្លួនកាន់កាប់ក្នុង Shengjing Bank Co., Ltd។

ក្រុមហ៊ុន Evergrande បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ថា “ដោយសារអ្នកខ្ចី មិនបានទូទាត់សងប្រាក់កម្ចី ដើមបណ្ដឹង (អ្នកធានា) បានអនុវត្តន៍ កាតព្វកិច្ចរបស់ខ្លួនក្រោមការធានា ហើយបានទាមទារឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនោះចេញសង”។

តុលាការបានចេញសាលក្រមសម្រេចថា “អ្នកធានាមានអទិភាពក្នុងការទទួលបានសំណង ពីការលក់ភាគហ៊ុនទាំងនោះ” ហើយ “វិសាលភាពនេះគ្របដណ្តប់លើចំនួនទឹកប្រាក់ ដែលដើមបណ្ដឹងបានបង់ (១,០៨ពាន់លានដុល្លារ)”។

ប្រភពមួយដែលដឹងរឿងនេះច្បាស់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា ក្រុមហ៊ុន Evergrande បាននិយាយថា ខ្លួនកំពុងប្រកាសលក់ ទីស្នាក់ការកណ្តាលរបស់ខ្លួននៅហុងកុង តាមរយៈដំណើរការដេញថ្លៃ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here