ដោយៈ ជេស៊ីកា
សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ចេញ និងអនុវត្តន៍នូវផែនការសកម្មភាព ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិ មកកាន់ខេត្តសៀមរាបសំរាប់ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង។
ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃទី១ សីហាកន្លងមកនេះ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូZoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។
សមាសភាពគណៈប្រតិបត្តិ សមាសភាពអនុគណៈកម្មការ សមាសភាពលេខាធិការដ្ឋាន ព្រមទាំងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO) សម្រាប់តំបន់អាទិភាពទាំង៦ រួមមានៈ
១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន
២. តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។
៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។
៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។
៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ
៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍។
ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្តន៍ “ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣” នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប -អង្គរលោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចជា ទី១. ក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចូលរួមអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
ទី២. បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យមនិងវែង។ ទី៣ ក្រសួងទេសចរណ៍ត្រូវសិក្សា កំណត់ទីតាំង និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី។
ទី៤. គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកាសម្រាប់ ឆ្នាំ ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។ ទី៥. អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
ទី៦. លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូល ដ្ឋាន ផ្នែកឯកជន និងសហគមន៍ពាក់ព័ន្ធ។
ទី៧. អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖* ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អាទិភាពទាំង៦ និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល
* ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប
* លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និង
* រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។
ទី៩. បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។
ទី១០ គ្រឹះស្ថានអង្គរបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ទី១១. គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023)៕