ឡាវកំពុងចាប់ផ្ដើមសាងសង់សណ្ឋាគារដែលខ្ពស់ជាងគេបំផុត និងឃ្លាំងខ្នាតយក្សថ្នាក់តំបន់

0

ដោយ សុខុម

វៀងចន្ទន៍: តំបន់សេដ្ឋកិច្ចពិសេស Sithandon នៃប្រទេសឡាវ បានចាប់ផ្តើមការសាងសង់គម្រោងអភិវឌ្ឍន៍ធំៗចំនួន២នៅតំបន់ទឹកជ្រោះល្បាក់ខោន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែសីហា។

ផែនការគម្រោងទាំងនេះត្រូវបានសម្រេចដំណាក់កាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីការពិភាក្សារយៈពេល៤៥ថ្ងៃរវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុនម៉ៅការ។

តាមការរំពឹងទុក សណ្ឋាគារ Mekong Intercontinental Hotel ដែលជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២ នឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតប្រចាំប្រទេសឡាវ ចំណែកឯគម្រោងមួយទៀតគឺឃ្លាំងខ្នាតយក្សថ្នាក់តំបន់។

អគារសណ្ឋាគារដែលខ្ពស់ជាងគេបំផុតលំដាប់ប្រទេសខាងលើនេះនឹងមានរាងដូចគែន ដែលជាឧបករណ៍តន្ត្រីបុរាណម្យ៉ាងរបស់ឡាវ ហើយវានឹងមានកម្ពស់ជាង២៣៨ម៉ែត្រ។

ទន្ទឹមនេះនេះការសាងសង់ឃ្លាំងស្តុកខ្នាតយក្សមួយ ដែលមានទំហំដល់ទៅ១២០.០០០ម៉ែត្រការ៉េក៏បានចាប់ផ្តើមក្នុងថ្ងៃតែមួយជាមួយនឹងការសាងសង់សណ្ឋាគារដែរ។ តាមការរំពឹងទុកថា ឃ្លាំងខ្នាតយក្សនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរវាងប្រទេសថៃ កម្ពុជា ចិន និងឡាវ។

គម្រោងទាំង២នេះគឺជាផ្នែកមួយនៃដំណាក់កាលទី១ ក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេស Sithanon ហើយកាលពីក្នុងឆ្នាំ២០១៨ ដំណាក់កាលទី១ នេះត្រូវបានប៉ាន់ប្រមាណថាគ្រោងចំណាយអស់៦០០លានដុល្លារ។

ដំណាក់កាលទី១ នៃការសាងសង់គម្រោងតំបន់សេដ្ឋកិច្ចពិសេស Sithanon បានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here