ការបង្កើតរមណីយដ្ឋានទេសចរណ៍តាមបណ្តាខេត្តជំរុញឱ្យមានការវិនិយោគដីធ្លីបន្ថែម

0

ភ្នំពេញៈ វឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលវិនិយោគអចលនទ្រព្យ នៅតាមបណ្ដាខេត្តត្រូវបានមើលឃើញថា មិនទាន់ជាមានខ្លាំង ដូចនៅក្នុងរាជធានីភ្នំពេញនោះទេ។

ដូច្នេះដើម្បីជំរុញឱ្យមានការវិនិយោគដីធ្លីបន្ថែមនោះទេ វិនិយោគិនដីធ្លីនៅក្នុងនានា បានបង្កើតរមណីយដ្ឋានជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅសម្រាកនិងកម្សាន្ត។ ការបង្កើតរមណីយដ្ឋានទាំងនេះ បានធ្វើឱ្យតម្លៃដីធ្លីនៅខេត្តនោះ មានសកម្មភាពទិញលក់ខ្លាំងជាងមុនមួយកម្រិត។

ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding លោកម៉ៅ មុនីរតនា ប្រចាំខេត្តព្រៃវែងបានមានប្រសាសន៍ឲ្យដឹង​កាលពីព្រឹកថ្ងៃទី៤ សីហានេះថា កាលពីមុនខេត្តនេះ មិនសូវមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ ជាពិសេសដីធ្លីនោះទេ ប៉ុន្តែក្រោយមក ក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគជាតិដែលមកពីភ្នំពេញ ឬបណ្ដាខេត្តនានាចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកដៃគូសហការអភិវឌ្ឍន៍គម្រោងអ្វីមួយ។

លោករតនាបានឲ្យដឹងថា សម្រាប់គម្រោងរមណីយដ្ឋាន នៅក្នុងខេត្តនេះមានច្រើនគួរសម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះដែរមានគម្រោងមួយចំនួន ដែលមានអ្នកវិនិយោគពីភ្នំពេញ បានចាប់ផ្ដើមនិងទាក់ទាញទេសចរជាច្រើន ទៅលេងនៅចុងសប្ដាហ៍ និងមានការស្វែងរកទិញដីជាហូរហែផងដែរ។ លោកបន្តថា ក្រោយមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ ជារមណីយដ្ឋានជាបន្តបន្ទាប់ក្នុងខេត្តព្រៃវែង ឃើញថាសកម្ម​ភាពនៃការរកទិញដីធ្លី និងតម្លៃដីធ្លីនៅក្នុងខេត្តនេះ ក៏បានកើនឡើងមួយកម្រិតទៀត។

តែយ៉ាងណាការដោះដូមិនសូវជាច្រើនទេ តែមានបែបជាដៃគូ សហការទៅវិញ ដោយអ្នកវិនិយោគពីខេត្តផ្សេងឬពីភ្នំពេញ មានលុយមករកអ្នកមានដីនៅក្នុងខេត្តរួចហើយអភិវឌ្ឍន៍ ដើម្បីចែកប្រាក់ចំណេញជាមួយគ្នា។
លោកម៉ៅ មុនីរតនាបានបន្តថា ដីធ្លីនៅតំបន់មាត់ច្រកព្រំដែនអន្តរជាតិក៏ឃើញថាមានសន្ទុះតម្លៃ និងស្វែងរកការវិនិយោគច្រើន ពីសំណាក់វិនិយោគិនផងដែរ ដូច្នេះហើយលោកជឿជាក់ថា នៅក្នុងពេលខាងមុខនេះខេត្តព្រៃវែង នឹងទទួលបានការវិនិយោគកាន់តែច្រើន ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ។

ដូចគ្នានេះដែរ នៅឯខេត្តបាត់ដំបងវិញក៏ឃើញថា មានការវិនិយោគលើដីធ្លី និងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ កាន់តែមានតម្លៃជាងមុនផងដែរ ក្រោយពេល មានការអភិវឌ្ឍតំបន់រមណីយដ្ឋានកាន់តែច្រើន នៅក្នុងខេត្តនេះ ប៉ុន្តែការវិនិយោគក្នុងខេត្តនេះភាគច្រើន ជាងអ្នកនៅក្នុងខេត្តផ្ទាល់ ដោយមិនសូវជាមានការវិនិយោគពីខាងក្រៅនោះទេ ហើយបើសិនជាក៏មានក៏មានទ្រង់ទ្រាយធំដែរ។ នេះបើតាមភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តបាត់ដំបងបានថ្លែងប្រាប់តាមទូរសព្ទ ។

ជាការកត់សម្គាល់បណ្ដាខេត្តណា ដែលមានតំបន់ទេសចរណ៍កាន់តែច្រើន ខេត្តនោះតែងតែទទួលបានការចាប់អារម្មណ៍ និងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជា ការវិនិយោគលើដីធ្លីក៏កាន់តែច្រើនដែរ ក្នុងនោះដែរ កំពត កែប កោះកុងនិងខេត្តព្រះសីហនុ ក៏មានសន្ទុះតម្លៃដីធ្លីកាន់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគំរោងដីលំហែរជាច្រើននៅក្នុងខេត្តកំពត និងខេត្តមួយចំនួនទៀត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគរបស់វិស័យឯកជនដើរតួនាទីសំខាន់ណាស់ មិនត្រឹមតែលើកកំពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងជម្រុញល្បឿននៃការអភិវឌ្ឍ និងធ្វើឲ្យដីឡើងថ្លៃផងដែរ។

លោកបន្តថា “សកម្មភាពវិនិយោគ និងការទិញដីធ្លីរបស់អ្នកវិនិយោគតែងតែកើនឡើង នៅតំបន់ណាមួយដែលគំរោងវិនិយោគធំៗទៅដល់ ព្រោះ​វាបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដទៃទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here