ភ្នំពេញៈ វឌ្ឍនៈ
ភ្នំពេញៈ សក្ដានុពលវិនិយោគអចលនទ្រព្យ នៅតាមបណ្ដាខេត្តត្រូវបានមើលឃើញថា មិនទាន់ជាមានខ្លាំង ដូចនៅក្នុងរាជធានីភ្នំពេញនោះទេ។
ដូច្នេះដើម្បីជំរុញឱ្យមានការវិនិយោគដីធ្លីបន្ថែមនោះទេ វិនិយោគិនដីធ្លីនៅក្នុងនានា បានបង្កើតរមណីយដ្ឋានជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅសម្រាកនិងកម្សាន្ត។ ការបង្កើតរមណីយដ្ឋានទាំងនេះ បានធ្វើឱ្យតម្លៃដីធ្លីនៅខេត្តនោះ មានសកម្មភាពទិញលក់ខ្លាំងជាងមុនមួយកម្រិត។
ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding លោកម៉ៅ មុនីរតនា ប្រចាំខេត្តព្រៃវែងបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី៤ សីហានេះថា កាលពីមុនខេត្តនេះ មិនសូវមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ ជាពិសេសដីធ្លីនោះទេ ប៉ុន្តែក្រោយមក ក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគជាតិដែលមកពីភ្នំពេញ ឬបណ្ដាខេត្តនានាចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកដៃគូសហការអភិវឌ្ឍន៍គម្រោងអ្វីមួយ។
លោករតនាបានឲ្យដឹងថា សម្រាប់គម្រោងរមណីយដ្ឋាន នៅក្នុងខេត្តនេះមានច្រើនគួរសម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះដែរមានគម្រោងមួយចំនួន ដែលមានអ្នកវិនិយោគពីភ្នំពេញ បានចាប់ផ្ដើមនិងទាក់ទាញទេសចរជាច្រើន ទៅលេងនៅចុងសប្ដាហ៍ និងមានការស្វែងរកទិញដីជាហូរហែផងដែរ។ លោកបន្តថា ក្រោយមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ ជារមណីយដ្ឋានជាបន្តបន្ទាប់ក្នុងខេត្តព្រៃវែង ឃើញថាសកម្មភាពនៃការរកទិញដីធ្លី និងតម្លៃដីធ្លីនៅក្នុងខេត្តនេះ ក៏បានកើនឡើងមួយកម្រិតទៀត។
តែយ៉ាងណាការដោះដូមិនសូវជាច្រើនទេ តែមានបែបជាដៃគូ សហការទៅវិញ ដោយអ្នកវិនិយោគពីខេត្តផ្សេងឬពីភ្នំពេញ មានលុយមករកអ្នកមានដីនៅក្នុងខេត្តរួចហើយអភិវឌ្ឍន៍ ដើម្បីចែកប្រាក់ចំណេញជាមួយគ្នា។
លោកម៉ៅ មុនីរតនាបានបន្តថា ដីធ្លីនៅតំបន់មាត់ច្រកព្រំដែនអន្តរជាតិក៏ឃើញថាមានសន្ទុះតម្លៃ និងស្វែងរកការវិនិយោគច្រើន ពីសំណាក់វិនិយោគិនផងដែរ ដូច្នេះហើយលោកជឿជាក់ថា នៅក្នុងពេលខាងមុខនេះខេត្តព្រៃវែង នឹងទទួលបានការវិនិយោគកាន់តែច្រើន ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ។
ដូចគ្នានេះដែរ នៅឯខេត្តបាត់ដំបងវិញក៏ឃើញថា មានការវិនិយោគលើដីធ្លី និងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ កាន់តែមានតម្លៃជាងមុនផងដែរ ក្រោយពេល មានការអភិវឌ្ឍតំបន់រមណីយដ្ឋានកាន់តែច្រើន នៅក្នុងខេត្តនេះ ប៉ុន្តែការវិនិយោគក្នុងខេត្តនេះភាគច្រើន ជាងអ្នកនៅក្នុងខេត្តផ្ទាល់ ដោយមិនសូវជាមានការវិនិយោគពីខាងក្រៅនោះទេ ហើយបើសិនជាក៏មានក៏មានទ្រង់ទ្រាយធំដែរ។ នេះបើតាមភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តបាត់ដំបងបានថ្លែងប្រាប់តាមទូរសព្ទ ។
ជាការកត់សម្គាល់បណ្ដាខេត្តណា ដែលមានតំបន់ទេសចរណ៍កាន់តែច្រើន ខេត្តនោះតែងតែទទួលបានការចាប់អារម្មណ៍ និងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជា ការវិនិយោគលើដីធ្លីក៏កាន់តែច្រើនដែរ ក្នុងនោះដែរ កំពត កែប កោះកុងនិងខេត្តព្រះសីហនុ ក៏មានសន្ទុះតម្លៃដីធ្លីកាន់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគំរោងដីលំហែរជាច្រើននៅក្នុងខេត្តកំពត និងខេត្តមួយចំនួនទៀត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគរបស់វិស័យឯកជនដើរតួនាទីសំខាន់ណាស់ មិនត្រឹមតែលើកកំពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងជម្រុញល្បឿននៃការអភិវឌ្ឍ និងធ្វើឲ្យដីឡើងថ្លៃផងដែរ។
លោកបន្តថា “សកម្មភាពវិនិយោគ និងការទិញដីធ្លីរបស់អ្នកវិនិយោគតែងតែកើនឡើង នៅតំបន់ណាមួយដែលគំរោងវិនិយោគធំៗទៅដល់ ព្រោះវាបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដទៃទៀត”៕