សម្តេចតេជោលើកឡើងពីកត្តាសំខាន់៤យ៉ាង ដែលកម្ពុជាប្តូរផ្តាច់ ចូលជាសមាជិកអាស៊ាន

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានកត្តាសំខាន់៤យ៉ាង ដែលជំរុញឱ្យសម្តេចតេជោសម្រេចចិត្តប្តូរផ្តាច់ ក្នុងការចូលជាសមាជិកអាស៊ាន។

កត្តាសំខាន់ៗទាំងនោះរួមមាន គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ស្មារតីធ្វើការតាមកុងសង់ស៊ីស ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសង្គម និងច្រកចេញការទូតយ៉ាងធំទូលាយរបស់អាស៊ាន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។

កត្តាទី១  គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

សម្តេចតេជោថ្លែងថា “ចំណុចនេះ ជាចំណុចទាក់ទាញខ្លាំងណាស់ ប្រសិនបើយើង មិនចូលទៅក្នុងសមាគមមួយនេះ នៅខាងក្រៅម្នាក់ឯង យើងនឹងស្ថិតនៅក្នុងស្ថានភាពឯកោរនៅក្នុងតំបន់”។

កត្តាទី២ គឺស្មារតីសហគមន៍ ដែលសំដៅលើរបៀបនៃការធ្វើការតាមរបបកុងសង់ស៊ីស។

សម្តេចបានលើកឡើងថា “ចំណុចនេះជាចំណុច ដែលទាក់ទាញយើងឲ្យចូលទៅក្នុងអាស៊ាន។ នៅឆ្នាំ២០០៧ យើងមានការបែកខ្ញែកមតិក្នុងការធ្វើការងារតាមកុងសង់ស៊ីស ឬតាមមតិភាគតិចភាគច្រើន”។

សម្ដេចផ្តល់ទស្សនទានថា “ប្រសិនបើប្រើប្រាស់គោលការណ៍ភាគតិច ភាគច្រើននោះអាស៊ាននឹងមានការបែកបាក់ ក្នុងការសម្រេចចិត្តអ្វីមួយ បោះឆ្នោតតែងតែមានមតិភាគតិច ភាគច្រើន នោះហើយជាការបែកបាក់។ ទោះបីជាយឺតបន្ទិច តែធានាសាមគ្គីរឹងមាំក្នុងគ្រួសារអាស៊ាន”។

សម្តេចបានលើកឡើងថា ពិតមែនតែប្រទេសកម្ពុជា ជាសមាជិកក្រោ​យគេ តែមេដឹកនាំរបស់កម្ពុជាជាសមាជិកមុនគេ បន្ទាប់ពីស៊ុលតង់ប្រុយណេ”។

កត្តាទី៣ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការជំរុញការធ្វើសមាហរណកម្ម។

យោងតាមសម្តេច អាស៊ានមានប្រទេសពីរក្រុម គឺ អាស៊ានចាស់មានការអភិវឌ្ឍខ្ពស់ជាង ហើយអាស៊ានថ្មីមានការអភិវឌ្ឍទាបជាង។

សម្តេចបានបន្តថា នៅពេលកម្ពុជាចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបានការអភិវឌ្ឍ លើកកម្ពស់សមត្ថភាពផ្នែកសេដ្ឋកិច្ច ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដែលមកដល់ពេលនេះ បានបង្ហាញពីសមត្ថភាពរបស់កម្ពុជា លើកិច្ចការអន្តរជាតិ និងតំបន់។ ចំណែក ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជាបានចូលរួមក្នុងក្របខ័ណ្ឌ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដែលផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ។

កត្តាទី៤ គឺច្រកចេញការទូតកម្ពុជាយ៉ាងធំទូលាយ ដែលអនុញ្ញាតឱ្យកម្ពុជាមានដៃគូជាមួយប្រទេសជាច្រើន ដែលជាដៃគូរបស់អាស៊ាន។

សម្តេចតេជោបន្តថា “អាស៊ានមានដៃគូយ៉ាងច្រើន ដូចនេះពេលកម្ពុជាចូលអាស៊ានភ្លាម កម្ពុជាមានដៃគូយ៉ាងទូលំទូលាយ ជាមួយដៃគូមានស្រាប់របស់អាស៊ាន ទាំងអឺរ៉ុប អាមេរិក ចិន កូរ៉េ ជប៉ុន ជាដើម”។

សម្តេចតេជោបានបន្ថែមថា ” ចំណុច៤យ៉ាងនេះ ផ្តល់ឱកាសឱ្យយើងដើម្បីអនុវត្តគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជំរុញដំណើរឈានទៅមុខរបស់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here