ខ័ណ្ឌចំនួនបីបៃរាជធានីភ្នំពេញទាក់ទាញការវិនិយោគដីធ្លីច្រើនជាងគេ ខណៈខណ្ឌពីរផ្សេងទៀតមានការធ្លាក់ចុះ

0

ដោយៈ សុផារី

ភ្នំពេញៈ ការវិនិយោគលើដីធ្លី នៅបន្តជាជម្រើសវិនិយោគទី១ ក្នុងចំណោមប្រភេទអចលនទ្រព្យសំខាន់ៗ ក្នុងនោះរាជធានីភ្នំពេញ នៅបន្តជាទីតាំងវិនិយោគលំដាប់ទី១របស់ប្រទេស។

តាមការសិក្សាបានបង្ហាញថា មានខណ្ឌចំនួនបី ទទួលបានកំណើនការស្វែងរកដីធ្លី និងអចលនទ្រព្យ ស្របពេលខណ្ឌចំនួនពីរផ្សេងទៀតមានការធ្លាក់ចុះភាពពេញនិយម។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដីនៅតែជាការវិនិយោគ ដែលពេញនិយមបំផុត ដែលមានអ្នកឆ្លើយតបចំនួន៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្ម ទទួលបានការពេញនិយមបន្ទាប់ ដោយមានអ្នកចង់វិនិយោគ២៣,៩៦% ២០,៨៣% និង ៦,២៥% រៀងៗគ្នា។

ទន្ទឹមនឹងនោះ អ្នកឆ្លើយសំណួរចំនួន៨២ភាគរយ បានជ្រើសរើសទីក្រុងភ្នំពេញ ជាទីតាំងដែលពេញនិយមបំផុតសម្រាប់ការវិនិយោគ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារ បានក្លាយជាតំបន់ពេញនិយមបំផុតនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សម្រាប់អ្នកទិញអចលនទ្រព្យ ដែលមានអត្រាស្វែងរក២១ភាគរយ កើនឡើងពី១២,៧ភាគរយក្នុងឆ្នាំ២០១៧។ ចំណែកខណ្ឌសែនសុខ ទទួលការពេញនិយមកម្រិត១៥,២ភាគរយ និងខណ្ឌចំការមនក្នុងអត្រា១៣,៦ភាគរយ។

ផ្ទុយទៅវិញ ខណ្ឌទួលគោក មានភាពពេញនិយម ក្នុងអត្រាស្វែងរកអច​ល​នទ្រព្យ១៤,៥ភាគរយ ក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះយ៉ាងខ្លាំងមក៨,៣ភាគរយ ហើយខណ្ឌដូនពេញ ក៏បានធ្លាក់ចុះពីកម្រិត១០,៣ភាគរយ ដល់៥,៣ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។

លោក Tom O’Sullivan បានលើកឡើងថា ទិន្នន័យទាំងនេះបានបង្ហាញថា ៥១ភាគរយនៃអ្នកទិញអចលនទ្រព្យ គឺជាជនជាតិខ្មែរ ខណៈជនជាតិចិនមាន២៦ភាគរយ និងជនជាតិអាមេរិកមាន២៣ភាគរយ។
លោកបន្តថា ធៀបនឹងកម្រិតមុនកូវីដ-១៩ ការទិញរបស់ចិនបានធ្លាក់ចុះ៤០ភាគរយ។

ការស្ទាបស្ទង់មតិរបស់ AmCham Cambodia នេះ បានមកពីអ្នកឆ្លើយសំណួរចំនួន៥១៧នាក់ នៅក្នុងផ្នែកផ្សេងៗគ្នា រួមមាន អ្នកធ្វើការតាម​ស្ថាប័នរដ្ឋាភិបាល ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន រួមទាំង អ្នកគ្រប់គ្រងអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ ឬឈ្មួញកណ្តាល អ្នកផ្តល់សេវាវាយតម្លៃជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here