ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមចន្លោះខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានអ្នកដំណើរចេញ ចូលតាមផ្លូវអាកាសចរាចរណ៍អ្នកដំណើរ មានចំនួន ៩០៨,០៥៩ នាក់ កើនឡើង ជិត៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ។
ជាមួយគ្នានេះចំនួន ចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ (ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២២) មានការកើនឡើងជាង១១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០២១ ប៉ុន្តែ នៅធ្លាក់ចុះ៧០ភាគរយ (-70%) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែក ក្កដា ឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ (ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩)។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២២)នេះ តែមានការថយចុះ៤,៤៣ភាគរយ(-4.43%) បន្តិចវិញ ធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១។
លោកបានបន្តទៀតថា ប្រទេសយើងបានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះ ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ៕