ព្រលានយន្តហោះទាំងបីរបស់កម្ពុជាទទួលបានអ្នកធ្វើដំណើរចេញចូលជាង៩០ម៉ឺនាក់ក្នុងរយៈពេល៧ខែ

ចែករំលែក

 ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមចន្លោះខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានអ្នកដំណើរចេញ ចូលតាមផ្លូវអាកាសចរាចរណ៍អ្នកដំណើរ មានចំនួន ៩០៨,០៥៩ នាក់ កើនឡើង ជិត៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ។

ជាមួយគ្នានេះចំនួន ចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ (ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២២) មានការកើនឡើងជាង១១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០២១ ប៉ុន្តែ នៅធ្លាក់ចុះ៧០ភាគរយ (-70%) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែក   ក្កដា ឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ (ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩)។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២២)នេះ តែមានការថយចុះ​៤,៤៣ភាគរយ(-4.43%)  បន្តិចវិញ ធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១។

លោកបានបន្តទៀតថា ប្រទេសយើងបានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះ ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ៕

 


ចែករំលែក