ដោយ៖ សុផារី
ភ្នំពេញ៖ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួងកំពុងចរចារជាមួយភាគីពាក់ព័ន្ធករណីប្រេងជិង៣០ម៉ឺនបារ៉ែលដែលបានបាត់ ហើយគ្រោងរាយការណ៍ជូនសម្តេចតេជោ ដើម្បីស្នើសុំការឯកភាព ដោយក្នុងនោះកម្ពុជាទាមទារ៧០ភាគរយនៃប្រេងទាំងអស់ ដោយបូកបន្ថែមប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy។
លោក ម៉េង សក្តិធារ៉ា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។
លោកលើកឡើងថា ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលផ្ទុកប្រេង និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន KrisEnergy ដោយទទួលបានលទ្ធផលល្អ ដែលក្រសួងនឹងឆ្លងគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអាចឈានទៅបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងឆៅក្នុងកប៉ាល់ជិត៣០ម៉ឺននោះក្នុងពេលឆាប់ៗ អាចនៅក្នុងដំណាច់ខែកញ្ញា ឆ្នាំ២០២២។
លោកបញ្ជាក់បន្ថែមថា “ក្រៅពីវិធានការច្បាប់ ដែលយើងបានអនុវត្តន៍កន្លងមក យើងបានចរចាឡើងវិញ អំពីការបែងចែកផលប្រយោជន៍ គឺប្រេងជិង៣០ម៉ឺនបារ៉ែលនោះ ត្រូវបានចែងចែកឲ្យម្ចាស់បំណុល [ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ខ្លះ ត្រូវបែងចែកឲ្យម្ចាស់កប៉ាល់ខ្លះ ដើម្បីទូទាត់ថ្លៃកប៉ាល់ដែលគេបានជួល ហើយដល់ប៉ុន្មានមកឲ្យយើង”។
លោកបានបន្តថា “ការចរចានេះជាការតស៊ូវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានផលប្រយោជន៍ច្រើន។ លទ្ធផលនៃការចរចានេះ យើងនឹងរាយការណ៍ជូនសម្តេចតេជោ ដើម្បីស្នើសុំការឯកភាព ប៉ុន្តែយើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់ ហើយ២៦ភាគរយ សម្រាប់ទូទាត់ទៅឲ្យថ្លៃកប៉ាល់ និង៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ដែលក្ស័យធនទៅហើយនោះ”។
បើយោងតាមលោក ម៉េង សក្តិធារ៉ា តាមរយៈលទ្ធផលនេះ បើប្រៀបធៀបទៅនឹងអ្វីដែលគួរបានពីមុនកម្ពុជានឹងទទួលបានច្រើនជាងមុន ដោយសារថ្លៃប្រេងបច្ចុប្បន្នេះ បានកើនឡើងពី៥០ដុល្លារក្នុង១បារ៉ែល មកដល់ជិត១០០ដុល្លារក្នុង១បារ៉ែល ដោយតម្លៃប្រេងឡើងច្រើន នោះនឹងទទួលបានលុយច្រើនដែរ ហើយ៧០ភាគរយនេះ បូកបន្ថែមជាមួយប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ផងដែរ៕