ដោយ៖ សុខុម
បាងកក: តម្រូវការខ្ពស់សម្រាប់ខុនដូជាប់មាត់សមុទ្រនៅហួហ៊ីន (Hua Hin) ប្រទេសថៃ បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្តោយឆ្នេរនេះហក់ឡើងខ្ពស់រហូតដល់៤,២៤លានដុល្លារអាមេរិក ក្នុង១រ៉ៃ (០,៦ហិកតា)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែសីហា។
លោក Phattarachai Taweewong នាយកស្រាវជ្រាវ និងទំនាក់ទំនងនៃទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Colliers Thailand លើកឡើងថា តម្លៃដីធ្លីជាប់មាត់សមុទ្រនៅហួហ៊ីន ស្ថិតក្នុងភូមិសាស្ត្រខេត្តប្រាជួបគីរីខាន់ (Prachuap Khiri Khan) បានហក់ឡើងខ្ពស់រហូតដល់៤.២៤លានដុល្លារអាមេរិក ក្នុង១រ៉ៃ (០,៦ហិកតា)។
អ្នកជំនាញរូបនេះគូសបញ្ជាក់ថា តម្លៃដីធ្លីដែលហក់ឡើងខ្ពស់បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើនមកអភិវឌ្ឍខុនដូនៅកណ្តាលទីក្រុងនេះ ដែលនៅមិនឆ្ងាយប៉ុន្មានពីមាត់ឆ្នេរ និងភ្នំតូចៗ។
លោកបន្ថែមទៀតថា តម្លៃដីធ្លីនៅតំបន់ភ្នំតូចៗគឺប្រហែល១.៧០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ហើយអ្នកទិញខុនដូកាន់តែចាប់អារម្មណ៍លើខុនដូដែលអភិវឌ្ឍនៅទីនោះ ព្រោះតម្លៃខុនដូនៅទីនោះមិនខ្ពស់ពេក។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ គម្រោងខុនដូចំនួន៧១ត្រូវបានសាងសង់នៅហួហ៊ីន ស្រុកចាអាម (Cha-am) ខេត្តផេតឆាប៊ូរី (Phetchaburi) និងស្រុកប្រានប៊ូរី (Pran Buri) ក្នុងខេត្តប្រាជួបគិរីខាន់ ដោយលក់បានសរុបចំនួន២៩.១៥២យូនីត។
លោក Phattarachai Taweewong លើកឡើងថា ការលក់ខុនដូនៅហួហ៊ួន និងចាអាម មានសន្ទុះហក់ឡើងក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ ដោយលក់បានប្រមាណចន្លោះពី៧.០០០ ទៅ៨.០០០យូនីតក្នុងមួយឆ្នាំៗ។
ក្នុងចំណោមគម្រោងទាំង៧១ មាន៣១គម្រោងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចុះបញ្ជី ដោយផ្តល់ខុនដូចំនួន១៦.១៨៨យូនីត និង៤០គម្រោងទៀតដែលផ្ដល់ខុនដូ១២.៩៦៤យូនីត ត្រូវបានអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនសាងសង់ឯកជន។
លោកបន្តថា ក្រុមហ៊ុន Colliers Thailand បានធ្វើការស្ទង់មតិ ហើយរកឃើញថា ៨៤,៦%នៃខុនដូដែលនៅតាមបណ្ដោយមាត់សមុទ្រត្រូវបានលក់ចេញ ចំណែកឯ៨៣,៨%នៃខុនដូនៅជាប់ភ្នំត្រូវបានលក់ចេញរហូតមកទល់ពេលនេះ។
លោកបន្ថែមទៀតថា អ្នកទិញរួមមានជនជាតិរុស្ស៊ី និងជនជាតិចិន ព្រមទាំងវិនិយោគិនថៃ ហើយថា ក្រុមហ៊ុន Colliers Thailand រំពឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនឹងបន្តអភិវឌ្ឍគម្រោងថ្មីៗនៅហួហ៊ីន ក្នុងឆ្នាំនេះ ដោយសារតម្រូវការនៅតែខ្ពស់នៅឡើយ៕