ទីផ្សារ​លំនៅ​ឋាន​ចំនួន​៥ ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ កំពុង​បន្ត​ទាក់​ទាញ​វិនិយោគិន​អន្តរជាតិ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅឋាននៅតំបន់អឺរ៉ុប នៅតែបន្តទាក់ទាញវិនិយោគិនអន្តរជាតិ ដោយមានទីក្រុងមួយចំនួនបានលេចឡើងជាគោលដៅដ៏ទាក់ទាញជាពិសេសសម្រាប់ការវិនិយោគលើអចលនទ្រព្យ។

ទីផ្សារសំខាន់ៗ រួមមានទីក្រុង Lisbon និង Porto ក្នុងប្រទេសព័រទុយហ្គាល់ ទីក្រុង Madrid និង Marbella ក្នុងប្រទេសអេស្ប៉ាញ និងទីក្រុង Prague ក្នុងប្រទេសឆែក។

ទីផ្សារទាំងនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីសំណាក់អតិថិជនអន្តរជាតិ ការផ្គត់ផ្គង់លំនៅឋានមានកម្រិត ការទាក់ទាញផ្នែករបៀបរស់នៅ និងឱកាសវិនិយោគដែលមានភាពទាក់ទាញ។

ជាពិសេស ទីក្រុង Prague បានកត់ត្រានូវកំណើនតម្លៃលំនៅឋានកម្រិតខ្ពស់ (prime residential) ខ្លាំងបំផុតក្នុងចំណោមទីផ្សារទាំង៥ខាងលើ ដោយតម្លៃបានកើនឡើង ១៤,៦% ក្នុងឆ្នាំ ២០២៥ បន្ទាប់មកគឺទីក្រុង Porto និង Marbella ដែលទីក្រុងទាំងពីរនេះសុទ្ធតែបានកត់ត្រានូវកំណើនក្នុងអត្រា ៨,៥%។

នៅប្រទេសព័រទុយហ្គាល់ ទីក្រុង Lisbon នៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកទិញអចលនទ្រព្យអន្តរជាតិ ដែលគាំទ្រដោយភាពទាក់ទាញនៃរបៀបរស់នៅ ការកើនឡើងនៃការវិនិយោគបរទេស និងតម្រូវការអចលនទ្រព្យលំនៅដ្ឋានដែលមានគុណភាពខ្ពស់។

ទីក្រុងម៉ាឌ្រីដក៏បានពង្រឹងជំហររបស់ខ្លួនជាទីផ្សារលំនៅឋានឈានមុខគេមួយរបស់តំបន់អឺរ៉ុប ដោយតម្លៃអចលនទ្រព្យសំខាន់ៗបានកើនឡើង៥% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយកំណើនសេដ្ឋកិច្ច ការវិនិយោគបរទេស និងតម្រូវការលំនៅឋាន។

ទន្ទឹមនឹងនេះ ទីក្រុង Porto ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាជម្រើសដែលមានតម្លៃសមរម្យជាងទីក្រុង Lisbon ដោយទាក់ទាញអ្នកទិញអន្តរជាតិដែលកំពុងស្វែងរកឱកាសវិនិយោគលំនៅឋាន និងជួល។ នៅប្រទេសអេស្ប៉ាញ ទីក្រុង Marbella បន្តទទួលបានអត្ថប្រយោជន៍ពីតម្រូវការអចលនទ្រព្យប្រណីត ជាពិសេសពីអ្នកទិញអន្តរជាតិដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ៕


ចែករំលែក