ដោយ៖ សុខុម
អន្តរជាតិ: កំពូលមហាសេដ្ឋី Elon Musk បានបង្ខំចិត្តលក់ភាគហ៊ុនរបស់លោករហូតដល់ទៅ៦,៩ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ដ៏ល្បីល្បាញ។ នេះបើយោងតាមទីភ្នាក់ព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែសីហានេះ។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរូបនេះ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា ការលក់ចេញភាគហ៊ុននេះពិតជាសំខាន់ខ្លាំងណាស់ ដើម្បីជៀសវាងការលក់ភាគហ៊ុនរបស់ Tesla បន្ទាន់យ៉ាងតក់ក្រហល់ ខណៈលោកកំពុងមានក្ដីក្ដាំឡើងដល់តុលាការ ជាមួយក្រុមហ៊ុន Twitter Inc ក្នុងសំណុំរឿងកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្សមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារ។
លោក Elon Musk ដែលជាមហាសេដ្ឋីមានបំផុត របស់ពិភពលោកបានប្រកាស កាលពីខែមេសា ថា លោកគ្មានគម្រោងលក់ចេញភាគហ៊ុនរបស់ Tesla បន្ថែមទៀតឡើយ ក្រោយពីលោកបានលក់ចេញភាគហ៊ុនចំនួន៨,៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុននេះ កាលពីពេលនោះ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញផ្នែកច្បាប់បានផ្តល់យោបល់ថា ប្រសិនបើលោក Elon Musk ចាញ់ក្ដីក្រុមហ៊ុន Twitter នៅតុលាការ ហើយត្រូវបានចាប់បង្ខំឱ្យអនុវត្តកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter ឬ ត្រូវបង់ប្រាក់ពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ លោក Elon Musk ច្បាស់ជាត្រូវលក់ចេញភាគហ៊ុន Tesla បន្ថែមទៀតដោយជៀសមិនផុត។
លោក Elon Musk បានលុបចោលកិច្ចព្រមព្រៀងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ របស់លោក ដើម្បីទិញយកក្រុមហ៊ុន Twitter ហើយការលុបចោលកិច្ចព្រមព្រៀងជាឯកតោភាគីនេះបានធ្វើឱ្យក្រុមហ៊ុន Twitter កើតទុក្ខមិនសុខចិត្តរហូតប្ដឹងរូបលោកទៅតុលាការ។ ភាគីទាំង២ នឹងត្រូវឡើងសវនាការតុលាការនៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។
ការលក់ចុងក្រោយនេះធ្វើឱ្យចំនួនភាគហ៊ុនសរុប ដែលលោក Elon Musk បានលក់ឈានដល់ប្រមាណ៣២ពាន់លានដុល្លារ ក្នុងពេលមិនដល់មួយឆ្នាំផងនោះ៕