ដោយៈគង់ សូរិយា
ភ្នំពេញៈ នៅពេលរដ្ឋាភិបាលប្រកាស ពីគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ តម្លៃដីធ្លីបានហក់ឡើងរួចទៅហើយ បើទោះជាការសាងសង់ពេលណា និងសិក្សាចប់ឬនៅ មិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយ។
តាមធម្មតានៅពេលមានការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ តម្លៃដីធ្លីបានកើនឡើងជាស្វ័យប្រវត្តិ ជាក់ស្តែងដូចជា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម បានធ្វើឲ្យយតម្លៃដីធ្លីនៅលើផ្លូវទាំងនេះ កើនឡើងយ៉ាងគំហុក។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីនធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។
លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។
ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសយងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានព៌តមានលំអិតថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤បានបញ្ចប់ការសិក្សា និងគ្រោងសាងសង់នាពេលណានៅឡើយទេ។
លោកសុវណ្ណារិទ្ឋ ដែលមានដីនៅស្រុកស្អាងទំហំជាង២០ហិកតានៅស្រុកស្អាង និងកំពុងដាំដំណាំជាច្រើន លើដីរបស់ខ្លួនបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ សីហាកន្លងមកថា តម្លៃដី និងតម្រូវការដីធ្លីនៅតំបន់នេះកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមវិនិយោគលើដីធ្លីឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។
លោកបន្តថា “ជាក់ស្តែងដីរបស់ខ្ញុំទិញក្នុងតម្លៃទាបនៅឡើយ ប៉ុន្តែបច្ចុប្បន្នមានឈ្មួញេជាច្រើន បានឲ្យតម្លៃ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែ លោកមិនលក់នោះទេ ដោយសារតម្លៃដីនៅតំបន់នេះ នឹងកើនឡើងបន្តទៀត”។លោកបន្តថា “តម្រូវការរដីធ្លីពិតជាកើនឡើង ដោយសារអ្នកវិនិយោគដីរកផលចំណេញបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩”។
ទោះជាយ៉ាងណាក្តី ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ អាចចំណាយពេលយូរបន្តិច ព្រោះរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់លើកឡើងថា ក្រសួងនឹងបញ្ចប់ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឲ្យបានមួយជុំសិន ដែលបច្ចុប្បន្នកំណាត់ផ្លូវនេះ នឹងសាងសង់ត្រឹមស្រុកកៀនស្វាយខេត្ត កណ្តាល និងត្រូវសាងសង់ដំណាក់កាលបន្ត ចាប់ពីកៀនស្វាយមកភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ ដោយនឹងមានការសាងសង់ស្ពានមួយ ពីកោះដាច់មកកាន់ផ្លូវជាតិលេខ៦អា៕