ដោយៈ សុខុម
សិង្ហបុរី: បើក្រឡេកមើលទៅប្រទេសសិង្ហបុរី គឺឃើញថាសម្បូរទៅដោយអគារខ្ពស់ៗ មិនថាអគារការិយាល័យ សណ្ឋាគារ ឬអគារលំនៅដ្ឋាន ហើយមិនសូវឃើញមានផ្ទះអាជីវកម្ម ឬ Shop House ដែលមានកម្ពស់ទាបៗប៉ុន្មានឡើយ។
ទោះជាយ៉ាងណា ពេលនេះផ្ទះអាជីវកម្ម ឬ Shop House នៅក្នុងប្រទេសនេះ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមអ្នកទិញអចលនទ្រព្យ ព្រោះវាអាចបើករកស៊ីបាន ហើយពេលលក់ចេញងាយស្រួល និងបានតម្លៃខ្ពស់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១០ ខែសីហា។
-->
តួយ៉ាង ផ្ទះអាជីវកម្មចំនួន២ ដែលស្ថិតនៅតាមបណ្តោយវិថី Jalan Besar ក្នុងប្រទេសសិង្ហបុរី ត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ រហូតដល់ទៅ១៧,៥លានដុល្លារសិង្ហបុរី (១២,៨លានដុល្លារអាមេរិក)។
ក្រុមអ្នកវិភាគអចលនទ្រព្យលើកឡើងថា ផ្ទះអាជីវកម្មកំពុងពេញនិយមកាន់តែខ្លាំងឡើងៗ ក្នុងចំណោមមូលនិធិអាជីវកម្ម ជាលក្ខណៈគ្រួសារ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។

ផ្អែកតាមតួលេខបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២ នេះ ផ្ទះអាជីវកម្មចំនួន១២៨ ត្រូវបានទិញលក់ប្ដូរម្ចាស់ថ្មី បើធៀបនឹងផ្ទះអាជីវកម្មចំនួន១៥៥ ដែលលក់បានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ទោះជាយ៉ាងណា ផ្ទះអាជីវកម្មចំនួន១២៨ ដែលលក់បានក្នុងឆ្នាំ២០២២នេះ មានតម្លៃសរុបរហូតដល់ ទៅ១,០៧ពាន់លានដុល្លារសិង្ហបុរី (៧៨២លានដុល្លារអាមេរិក) បើធៀបនឹងផ្ទះអាជីវកម្មចំនួន១៥៥ ដែលលក់បានក្នុងឆ្នាំ២០១១ មានតម្លៃសរុបទាបជាងត្រឹមតែ១,០៥ពាន់លានដុល្លារសិង្ហបុរី៕ CNA៕