ជ្រុងមួយនៃវិបត្តិៈហេតុអ្វីបានជាម្ចាស់ផ្ទះពេញប្រទេសចិនផ្អើលនាំគ្នាឈប់បង់ប្រាក់កម្ចីទិញផ្ទះ?

0

ដោយៈ សុខុម

ប៉េកាំង: ក្រោយផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande ដែលជាប់បំណុល ទំហំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក វិស័យអចលនទ្រព្យរបស់មហាយក្សចិន ក៏ចាប់ផ្ដើមផ្ទុះវិបត្តិកាន់តែធ្ងន់ធ្ងរទៅៗ ដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ខកខានទូទាត់បំណុ​លតាមពេលកំណត់ជាបន្តបន្ទាប់។

ខណៈវិបត្តិនេះមិនទាន់បានធូរស្រាលផង ទោះបីជាមានអន្តរាគមន៍ពី រដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងណាក្ដី ស្រាប់តែពេលនេះផ្ទុះវិបត្តិថ្មីមួយទៀត គឺម្ចាស់ផ្ទះទូទាំងប្រទេសចិន ផ្អើលនាំគ្នាឈប់បង់ប្រាក់កម្ចីទិញផ្ទះ ដែលធ្វើឱ្យវិស័យអចលនទ្រព្យធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ។

តើហេតុអ្វីបានជាម្ចាស់ផ្ទះនានា ផ្អើលនាំគ្នាឈប់បង់ប្រាក់កម្ចីទិញផ្ទះបែបនេះ?

ក្រុមអ្នកទិញផ្ទះនៅក្នុងទីក្រុងនានា នៅទូទាំងប្រទេសចិន បានផ្ទុះការតវ៉ាកាលពីខែមិថុនា កន្លងទៅ ដោយពួកគេបានលើកបដា ដែលសរសេរថា “ផ្អាកសាងសង់ ផ្អាកបង់ប្រាក់ ប្រគល់ផ្ទះ ទទួលបានប្រាក់!” ។

យោងតាមសារព័ត៌មានBBC ចុះផ្សាយកាលពីថ្ងៃពុធ ទី១០ ខែសីហា ឱ្យដឹងថា ចំនួនអ្នកឈប់បង់កម្ចីទិញផ្ទះ មានកាន់តែច្រើនៗឡើង ហើយការតវ៉ាបែបនេះ គឺពិតជាកម្រកើតមានណាស់ នៅក្នុងប្រទេសចិន ដែលប្រកាន់ជំហរមិនអត់ឱនឱ្យដាច់ខាតចំពោះអ្នកប្រឆាំង។

គូស្នេហ៍វ័យក្មេងមួយគូ ដែលបានផ្លាស់ទៅរស់នៅទីក្រុងចឹងចូវ (Zhengzhou) ភាគកណ្តាលប្រទេសចិន បានប្រាប់សារព័ត៌មាន BBC ថា បន្ទាប់ពីទទួលបានប្រាក់កក់កាលពីឆ្នាំមុន ក្រុមហ៊ុនអភិវឌ្ឍន៍បានដកខ្លួនចេញពីគម្រោង ហើយការសាងសង់ក៏បានជាប់គាំងដោយគ្មានវាចា។

ស្ត្រីជាគូស្នេហ៍ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយទាំងអារម្មណ៍ក្ដុកក្ដួលថា “ខ្ញុំធ្លាប់ស្រមៃរាប់ភ្លេចថា នឹងបានរស់នៅយ៉ាងរីករាយក្នុងផ្ទះថ្មី ប៉ុន្តែឥឡូវនេះ មានអារម្មណ៍ថាគួរឱ្យអស់សំណើចខ្លាំងណាស់”។

ស្ត្រីវ័យ២០ឆ្នាំក្រាស់ម្នាក់ទៀត ដែលបានទិញផ្ទះនៅក្នុងទីក្រុងនេះដែរបានប្រាប់សារព័ត៌មាន BBC ថា នាងក៏បានត្រៀមខ្លួនឈប់បង់ប្រាក់កម្ចីទិញផ្ទះរបស់នាងហើយដែរ។

ស្ត្រីរូបនេះបាននិយាយលះៗថា “ខ្ញុំនឹងបង់ប្រាក់បន្ត បន្ទាប់ពីគម្រោងនេះ ត្រូវបានបន្តឡើងវិញពេញលេញ”។

អ្នកតវ៉ាភាគច្រើន មានលទ្ធភាពអាចបង់កម្ចីរបស់ខ្លួន ប៉ុន្តែពួកគេមិនបង់ដោយសារតែគម្រោងជាប់គាំង ឬក្នុងករណីខ្លះ ពួកគេបង់តែប្រាក់ តែមិនដែលបានឃើញផ្ទះ ដោយផ្ទាល់សូម្បីតែម្ដងណា ឬអាចនិយាយបានថា ផ្ទះខ្យល់។

យោងតាមការប៉ាន់ប្រមាណនៅលើ GitHub (សេវាកម្ម Hosting អ៊ីនធឺណិត)  ដែលម្ចាស់ផ្ទះបាននិងកំពុងសរសេរបង្ហោះ អំពីការសម្រេចចិត្តរបស់ពួកគេឱ្យដឹងថា ពួកគេបានទិញផ្ទះ ក្នុងគម្រោងប្រមាណ៣២០គម្រោងទូទាំងប្រទេសចិន ប៉ុន្តែមិនច្បាស់ថា តើអ្នកដែលឈប់បង់កម្ចីមានចំនួនប៉ុន្មាននាក់ឱ្យប្រាកដនោះឡើយ។

ក្រុមហ៊ុនផ្ដល់ព័ត៌មាន និងវិភាគហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក S&P Globa ប៉ាន់ប្រមាណថា ប្រាក់កម្ចីទិញផ្ទះដែលត្រូវបានធ្វើពហិកាឈប់បង់ប្រាក់ អាចមានចំនួនសរុបរហូតដល់ទៅ១៤៥ពាន់លានដុល្លារអាមេរិកឯណោះ។

អ្នកវិភាគផ្សេងទៀតនិយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here