ដោយ៖ សុផារី
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ដែលនឹងផ្តល់ភាពងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ក្នុងការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នៅថ្ងៃទី១៧ ខែសីហានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយសម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ។
លោកបន្តថា គម្រោងនេះក៏នឹងបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរថែមទៀតផងដែរ។
លោកបានបន្ថែមថា ប្រព័ន្ធនេះ នឹងបង្កើនការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកលលោក ដែលអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន ដែលនឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនោះទៀត ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិកនេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនឯកជននានា តាមរយៈការចំណេញពេល វេលា កាត់បន្ថយចំណាយក្រៅផ្លូវការ មានសុវត្ថិភាព និងភាពជឿជាក់បាន កាន់តែប្រសើរឡើង និងស្របតាមស្តង់ដារប្រតិបត្តិអន្តរជាតិ នៃដំណើរការកំពង់ផែ។
លោកថា “ពីដើមពេលនាវាចេញចូលនៅកម្ពុជា យើងគឺការស្នើសុំចេញ ចូលធ្វើដោយក្រដាសទាំង អស់ ប្រើពេលវេលាយូរ។ ដោយមានជំនួយពី JICA នេះ យើងធ្វើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកកំពង់ផែ។ ដូច្នេះមុននាវាមក ដល់គាត់បំពេញបែបបទតាមប្រព័ន្ធអនឡាញយើង អ៊ីចឹងមន្ត្រីមានសមត្ថកិច្ច អាចពិនិត្យឯកសារទាំងអស់ធ្វើកិច្ចការ ហើយគាត់មកដល់គាត់ចូលចតបាន។ ពីដើមនៅអង្គុយចាំ កប៉ាល់ចតចោលសិនទៅមិនទាន់បានចូលកំពង់ផែ ដោយព័ត៌មានមិនទាន់មកដល់ ខាតពេលវេលា”។
លោកបន្តថា “យើងចង់ឱ្យនាវាចូលមកភ្លាមអាចដាក់ទំនិញចេញ ដាក់ទំនិញចូល ហើយទៅវិញតាមបែបបទប្រព័ន្ធអេឡិចត្រូនិករបស់យើងសំខាន់ណាស់ ធ្វើបានលឿន មានតម្លាភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយច្រើន ហើយការបង់គឺបង់តាមអនឡាញទាំងអស់អ៊ីចឹងអត់មានការពិបាកដែលទៅដល់ធនាគារអីទេ គឺបង់តាមអនឡាញនិងដោះសា្រយបានភ្លាមៗតែម្តង”។
សព្វថ្ងៃនេះ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយ ប្រព័ន្ធបញ្ជរតែមួយជាតិ (CNSW) ក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នៅថ្ងៃអនាគត ក្រសួងសាធារណការ និងដឹកជញ្ជូន អាចនឹងពង្រីក វិសាលភាពរបស់ប្រព័ន្ធ Port EDI ដោយដាក់បញ្ចូលកំពង់ផែផ្សេងទៀតនៃកម្ពុជា និងអាចនឹងពិនិត្យលទ្ធភាពសហការជាមួយក្រសួងស្ថាប័នផ្សេងទៀត ដើម្បីតភ្ជាប់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក បង្កភាពងាយស្រួលបន្ថែមដល់ធុរជន ដែលនឹងបង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងកម្ពុជាផងដែរ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត៕