អេស្បាញទទួលស្គាល់សក្តានុពលសេដ្ឋកិច្ចកម្ពុជា ខណៈសម្តេចតេជោចាត់ទុកសុខុមាលភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កម្ពុជា និងអេស្បាញកំពុងដើរទៅមុខរួមគ្នា មួយជំហានទៀត ដោយប្រទេសទាំងពីរ បានឯកភាពគ្នាលើកិច្ចការមួយចំនួន ខណៈមន្រ្តីស្ថានទូតអេស្បាញនៅកម្ពុជា រំពឹងអ្នកធុរកិច្ចរបស់ខ្លួន នឹងចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកស្រីគ្រីស្ទីណា អាហ្គីឡាភារៈធារីស្ថានទូតអេស្បាញប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ដែលមានការអញ្ជើញចូលរួម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្ដថា នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឲ្យចូលមកវិនិយោគនៅក្នុងប្រ​ទេសកម្ពុជា។

លោកស្រីបានថ្លែងថាយើងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្តថា កំណែទម្រង់សេដ្ឋកិច្ចដែលអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា រួមនឹងភាពធូរស្រាល នៃការរាតត្បាតជាសកល​នៃជំងឺកូដ-១៥ នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនិងរួមចំណែកដល់ការសម្រេចបាន កំណើនរយៈវែងរបស់កម្ពុជាផងដែរ

លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយយើងចាំបាច់ត្រូវការ កិច្ចសហការគ្នាជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សំដៅកសាងត្រឡប់មកវិញ ឲ្យកាន់តែប្រសើរ។

តាំងនាមឲ្យប្រទេសអេស្ប៉ាញ់ លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធានីអាស៊ាន និងសូមជូនពរដ៏ស្មោះស្ម័គ្រ ឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឲ្យតំបន់នេះ ក្លាយជាទីកន្លែងមួយប្រកបដោយ៏សន្តិភាព និងរិបុលភាពសម្រាប់ទាំងអស់គ្នា។

ទន្ទឹមគ្នានេះ លោកស្រី គ្រីស្ទីណា អាហ្គីឡា ក៏បានឲ្យដឹងផងដែរថា ប្រទេសអេស្ប៉ាញ បានតាមដានដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផល ដែលសម្រេចបាននៅក្នុងប្រទេស ដ៏ឧត្តមរបស់សម្តេចតេជោ។

លោកស្រីបានលើកឡើងថា ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃក្រុមអឺរ៉ុប សម្រាប់ការឆ្លើយតប រួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ ដែលក្នុងនោះ រួមមានការវិភាជន៍ថវិកាថ្មី ថវិកាកំពុងអនុវត្តក្នុងគំរោង នឺងថវិការតំរង់ទិសថ្មី ដោយផ្ដោតលើអាទិភាពសំខាន់ ចំាបាច់ចំនួន៣

លោកស្រីCristina Aguilar ក៏បានថ្លែងអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរ យ៉ាងទូលំទូលាយ។

លោកស្រីបានបញ្ជាក់ថា“ប្រទេសអេស្ប៉ាញបានតាមដាន ដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផលដែលសម្រេចបាន នៅក្នុងប្រទេសឧត្ដមក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី”។

អ្វីកាន់តែពិសេសគឺ កម្ពុជា និងប្រទេសអេស្ប៉ាញ បានបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នា ចំពោះវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន និងបានយល់ស្របគ្នាថា ការដោះស្រាយវិបត្តិសាកលនេះ ទាមទារឱ្យមានកិច្ចសហការគ្នាជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឆ្លៀតគូសរំលេចថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ ហើយសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។

សម្តេចតេជោបានគូសបញ្ជាក់ថា “ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើ​ងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា”។សម្តេចបន្ថែមថា “ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនផងដែរ”។

សម្តេចតេជោ បានបន្តថា “ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ច-សហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។ សម្តេចបន្តថា ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមាន ការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការតាំងចិត្តផងដែរ ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ។

មានទស្សនៈដូចនឹងសម្តេចតេជោផងដែរ លើវិបត្តិពិភពលោកនេះ លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយចាំបាច់ត្រូវការកិច្ចសហការគ្នា ជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សម្តៅកសាងត្រឡប់មកវិញឱ្យកាន់តែប្រសើរ។

លោកស្រី គ្រីស្ទីណា អាហ្គីឡា តាមនាមឱ្យរដ្ឋាភិបាលអេស្ប៉ាញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធា​នអាស៊ាន។ លោកស្រី ក៏បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យតំបន់ក្លាយទៅជាកន្លែង ប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលមិនសំចៃមាត់នោះឡើយ ក្នុងការបង្ហាញទស្សនៈនានា ជុំវិញវិបត្តិរបស់ពិភពលោក ដែលបង្កើតឡើងដោយការប្រជែងឥទ្ធិពល របស់ប្រទេសមហាអំណាច ក៏ដូចជាវិបត្តិកើតចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here