ដោយៈ គង់ សូរិយា
សៀមរាបៈ ជាចំណាត់ការ និងប្រើប្រាស់ពាក្យសម្តីធ្ងន់ៗមិនធ្លាប់មាន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា អ្នករំលោភយកដីនៅរមណីយដ្ឋានអង្គរ នឹងជួបតែរឿងឈឺចាប់ និងវិនាសតពូជ តពង្សវង្សត្រកូល។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តក្នុងជំនួបជាមួយមន្រ្តីពាក់ព័ន្ឋកាលពីថ្ងៃទី១៧ សីហាកន្លងមកថា “នៅទីនេះជាទឹកដីស័ក្តិសិទ្ឋ មិនអាចបន្លំ មិនអាចបន្លំ មិនអាចយកផលប្រយោជន៍បុគ្គលឯកជន គ្រួសារ មកដាក់ មកគ្របលើដួងព្រលឹងរបស់ជាតិ និងបុព្ឋបុរស ដែលបានសាងសង់អង្គរវត្តទុក ឲ្យយើងតជំនាន់នោះទេ”។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានបន្តថា ព្រះរាជក្រិតបានកំណត់តំបន់អង្គរ ជាតំបន់សាធារណៈរបស់រដ្ឋ “ត្រូវការពារ” នៅក្នុងករណី ដែលថ្លោះធ្លោយ ធ្វើឲ្យខាតផលប្រយោជន៍ ដែលមិនអាចគ្រប់គ្រងបានផង កិត្តយសជាតិរបស់យើង ក៏ទៅតាមហ្នឹងដែរ។
លោកបន្តថា “មិនអាចយកចំណុចតូចតាច ធ្វើការប្រៀបធៀប ដែលធ្វើឲ្យប៉ះពាល់ ដល់ដំណើរការជាយុទ្ឋសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងរដ្ឋនោះទេ”។
លោកបានបន្តថា ករណីផ្ទះរបស់ពួកគាត់ មានសភាពចាស់ទ្រុឌទ្រោម ដែលត្រូវរុះរើ ពួកគាត់អាចដាក់សំណើរ សាងសង់ផ្ទះឡើងវិញបាន ប៉ុន្តែត្រូវសុំច្បាប់អនុញ្ញាត្តពីអាជ្ញាធរអប្សរា មិនមានអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់ជាន់ថ្នាក់ មិនមានមន្ទីរជំនាញ មិនមានអង្គភាពដទៃទៀត មានសិទ្ឋក្នុងការសម្រេចលើការសាងសង់រុះរើ ឬសាងសង់ថ្មី ដោយគ្មានការអនុញ្ញាត្តពីអាជ្ញាធរអប្សរានោះទេ៕