អ្នកជំនាញៈតម្លៃដីធ្លីនៅកំពតស្ថិតក្នុងសភាពទ្រឹង ខណៈតម្រូវការនៅមានកម្រិត

0

ដោយៈ ជេស៊ីកា

កំពតៈ អ្នកជំនាញអចលនទ្រព្យជើងចាស់កម្ពុជា បានលើកឡើងថា តម្រូវការដីធ្លីនៅខេត្តកំពត ក៏ដូចជាទូទាំងប្រទេសមានការធ្លាក់ចុះប្រមាណ​៤០ភាគរយ ហើយតម្លៃវិញស្ថិតក្នុងសភាពទ្រឹង។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNeX Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៨ សីហាកន្លងមកថា តម្រូវការដីធ្លីបានធ្លាក់ចុះខ្លាំង ដោយអ្នកទិញភាគច្រើនបានស្វែងរកដីដែលមានតម្លៃក្រោមទីផ្សារប៉ុណ្ណោះ។

អ្នកស្រីបន្តថា “ខេត្តកំពត មានធនធានធម្មជាតិច្រើន ដូចជាភ្នំ ដងព្រែក បឹងជាច្រើន ប៉ុន្តែខេត្តនេះទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកច្រើនជាងអន្តរជាតិ”។ អ្នកស្រីបន្តថា “ខេត្តកំពត មិនអាចធៀបជាមួយខេត្តព្រះសីហនុនោះទេ ដោយសារខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ឋនានាប្រសើរជាង និងមានសក្តានុពលសេដ្ឋកិច្ចជាង”។

អ្នកស្រីអាន សុធីតាបានបន្តថា សម្រាប់ពេលអនាគត ខេត្តកំពត​នឹងមានភាពប្រសើរឡើង ដោយសារខេត្តនេះ មានធនធានធម្មជាតិសម្បូរបែប ដែលទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងស្រុកកាន់តែជាច្រើន។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអច​លនទ្រព្យហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែយើងនៅតែលក់បានខ្លះៗ ព្រោះចរន្តនៃការដោះដូរនៅតែមាន។

លោកបន្តថា “បណ្តាខេត្តមានសក្តានុពល នៅតែមានសន្ទុះតិចតួច ប៉ុន្តែមិនកើនឡើងលឿនលើតម្លៃ និងចរន្តទិញលក់នោះទេ”។

ចំណែកលោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគំរោងដីឡូត៍លំហែរកាយ បូកគោលែនចំនួន៣គំរោង និងបោះទុនវិនិយោគរាប់លានដុល្លារ បានមានប្រសាសន៍ថា ដោយសារភាពប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ សក្តានុពលទេសចរណ៍របស់​ខេត្តកំពតមានភាពសម្បូរបែប ទើបលោកសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងខេត្តនេះ ដោយគំរោងទាំងនេះនឹងជួយរួមចំណែកទាក់ទាញការវិនិយោគដទៃទៀត ក៏ដូចជាជួយរដ្ឋាភិបាលដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ។

លោកបន្តថា “ខេត្តកំពតពិតជាមានសក្តានុពល លើធនធានធម្មជាតិ ហើយខេត្តនេះ នឹងមានការរីកចម្រើនលឿននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here