ដោយៈ សុផារី
មណ្ឌលគិរីៈ ខេត្តមណ្ឌលគិរី ជាទីតាំងគោលដៅទេសចរណ៍គោលដៅមួយ ក្នុងចំណោមតំបន់ទេសចរណ៍នានានៅក្នុងប្រទេស ដែលមានភាពនិយម ក្នុងការវិនិយោគបង្កើតជាតំបន់អេកូទេសចរណ៍។

នៅក្នុងកំឡុងរដូវវស្សា នៃឆ្នាំ២០២២នេះ អចលនទ្រព្យប្រភេទអេកូទេសចរណ៍ នៅក្នុងខេត្តមណ្ឌលគិរី ហាក់មិនទាន់ងើបឡើងវិញច្រើនឡើយ ដោយសារបញ្ហាសេដ្ឋកិច្ច និងអាកាសធាតុ។
-->
លោកមាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែសីហានេះថា ដោយសារកត្តាអាកាសធាតុ និងកត្តាសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន បានធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លី ប្រភេទលំហែកាយមានការថមថយចុះ និងនៅមិនមានសន្ទុះឡើងវិញនៅឡើយទេ។
លោកបញ្ជាក់ថា “តំបន់ដែលមានសក្តានុពលខ្ពស់ជាងគេ លើការវិនិយោគអចលនទ្រព្យប្រភេទអេកូទេសចរណ៍ មាននៅក្នុងតំបន់ដាក់ដាំ ជាដើម។ យ៉ាងណាក្តី បច្ចុប្បន្ននេះមិនសូវមានសន្ទុះ ក្នុងការដោះដូរដីធ្លីច្រើននោះទេ”។

ជាមួយគ្នានេះ លោក ដារ៉ា អ្នកជំនាញអចលនទ្រព្យមូលដ្ឋានមួយរូបនៅក្នុងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែសីហានេះថា បច្ចុប្បន្ន អចលនទ្រព្យប្រភេទអេកូទេសចរណ៍ចាប់ផ្តើមមានសន្ទុះបណ្តើរៗ តែវាមិនទាន់មានសន្ទុះខ្លាំងឡើងវិញនៅឡើយទេ។
លោកដារ៉ា បានបញ្ជាក់ថា “បច្ចុប្បន្នរាល់ថ្ងៃនេះ វាចាប់ផ្តើមមានសន្ទុះមួយៗ វាទើបចាប់ផ្តើមឡើងវិញ ដោយសង្កេតឃើញការទិញលក់ដីធ្លីប្រភេទចំការ ប្រភេទលំហែរចាប់ផ្តើមបណ្តើរៗ ឡើងវិញហើយ តែវាមិនទាន់ផ្ទុះឡើងវិញ”។
បើយោងតាមលោកដារ៉ា តំបន់ពេញនិយម និងមានសក្តានុពលទេសចរណ៍ខ្ពស់ ហើយវាទាក់ទងការវិនិយោគអចលនទ្រព្យ មាននៅក្នុងស្រុកអូររាំង ដែលជាទីតាំងប្រមូលផ្ដុំតំបន់ទេសចរណ៍ រីសត ថែមទាំងមានទីតាំងនៅជិតព្រលានយន្តហោះផងដែរ។ ក្រៅពីស្រុកអូររាំង នៅក្រុងសែនមនោរម្យ សង្កាត់រមនា ជាទីតាំងសម្បូរដោយរីសតច្រើន ហើយជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេបង្អស់។

ជាមួយគ្នានេះ គំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីក៏បានជាប់គាំងផងដែរ ដោយសារក្រុមហ៊ុនChina Power ដែលគ្រោងវិនិយោគសាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិជាលើកដំបូង នៅភូមិភាគឦសាន្តនេះបានដកខ្លួនចេញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕