កត្តាចំនួនពីរធ្វើឱ្យអចលនទ្រព្យអេកូទេសចរណ៍ខេត្តមណ្ឌលគិរីងើបឡើងវិញយឺត

0

ដោយៈ សុផារី

មណ្ឌលគិរីៈ ខេត្តមណ្ឌលគិរី ជាទីតាំងគោលដៅទេសចរណ៍គោលដៅមួយ ក្នុងចំណោមតំបន់ទេសចរណ៍នានានៅក្នុងប្រទេស ដែលមានភាពនិយម ក្នុងការវិនិយោគបង្កើតជាតំបន់អេកូទេសចរណ៍។


នៅក្នុងកំឡុងរដូវវស្សា នៃឆ្នាំ២០២២នេះ អចលនទ្រព្យប្រភេទអេកូទេសចរណ៍ នៅក្នុងខេត្តមណ្ឌលគិរី ហាក់មិនទាន់ងើបឡើងវិញច្រើនឡើយ ដោយសារបញ្ហាសេដ្ឋកិច្ច និងអាកាសធាតុ។

លោកមាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែសីហានេះថា ដោយសារកត្តាអាកាសធាតុ និងកត្តាសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន បានធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លី ប្រភេទលំហែកាយមានការថមថយចុះ និងនៅមិនមានសន្ទុះឡើងវិញនៅឡើយទេ។

លោកបញ្ជាក់ថា “តំបន់ដែលមានសក្តានុពលខ្ពស់ជាងគេ លើការវិនិ​យោគអចលនទ្រព្យប្រភេទអេកូទេសចរណ៍ មាននៅក្នុងតំបន់ដាក់ដាំ ជាដើម។ យ៉ាងណាក្តី បច្ចុប្បន្ននេះមិនសូវមានសន្ទុះ ក្នុងការដោះដូរដីធ្លីច្រើននោះទេ”។

ជាមួយគ្នានេះ លោក ដារ៉ា អ្នកជំនាញអចលនទ្រព្យមូលដ្ឋានមួយរូបនៅក្នុងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែសីហានេះថា បច្ចុប្បន្ន អចលនទ្រព្យប្រភេទអេកូទេសចរ​ណ៍ចាប់ផ្តើមមានសន្ទុះបណ្តើរៗ តែវាមិនទាន់មានសន្ទុះខ្លាំងឡើងវិញនៅឡើយទេ។

លោកដារ៉ា បានបញ្ជាក់ថា “បច្ចុប្បន្នរាល់ថ្ងៃនេះ វាចាប់ផ្តើមមានសន្ទុះមួយៗ វាទើបចាប់ផ្តើមឡើងវិញ ដោយសង្កេតឃើញការទិញលក់ដីធ្លីប្រភេ​ទចំការ ប្រភេទលំហែរចាប់ផ្តើមបណ្តើរៗ ឡើងវិញហើយ តែវាមិនទាន់ផ្ទុះឡើងវិញ”។

បើយោងតាមលោកដារ៉ា តំបន់ពេញនិយម និងមានសក្តានុពលទេស​ចរណ៍ខ្ពស់ ហើយវាទាក់ទងការវិនិយោគអចលនទ្រព្យ មាននៅក្នុងស្រុកអូររាំង ដែលជាទីតាំងប្រមូលផ្ដុំតំបន់ទេសចរណ៍ រីសត ថែមទាំងមានទីតាំងនៅជិតព្រលានយន្តហោះផងដែរ។ ក្រៅពីស្រុកអូររាំង នៅក្រុងសែនមនោរម្យ សង្កាត់រមនា ជាទីតាំងសម្បូរដោយរីសតច្រើន ហើយជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេបង្អស់។

ជាមួយគ្នានេះ គំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីក៏បានជាប់គាំងផងដែរ ដោយសារក្រុមហ៊ុនChina Power ដែលគ្រោងវិនិយោគ​សាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិជាលើកដំបូង នៅភូមិភាគឦសាន្តនេះបានដកខ្លួនចេញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្រ្តីជាន់ខ្ពស់​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here