ដោយ: ជេស៊ីកា
ភ្នំពេញ: គម្រោងស្ពានចេញពីផ្សាររាត្រីឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្ជាប់ទៅកាន់តំបន់អរិយក្សត្របានចាប់ផ្តើមបង្ហាញរូបរាងហើយ។
ការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្រាប់ចំណងដៃដល់ប្រទេសកម្ពុជា ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំភាគីកូរ៉េខាងត្បូង ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយ ខណៈដែលកម្ពុជាមានស្ពានមិត្តភាពជាមួយប្រទេសចិន និងប្រទេសជប៉ុន ជាច្រើន។
យោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានអះអាងថា ដំណើរការសាងសង់ស្ពាននេះអាចកើតឡើង ដូចអ្វីដែលលោកទេសរដ្ឋមន្ដ្រីបានលើកឡើង ប៉ុន្តែបច្ចុប្បន្នការសិក្សាលើបច្ចេកទេសស្ពាននេះ បាននិងកំពុងរៀបចំធ្វើឡើង ទី១ លើសោភ័ណភាព ទី២ បញ្ហាបច្ចេកទេស ទី៣ លំហូរទឹក ទី៤ កញ្ចប់ថវិកាសាងសង់ស្ពាននេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងណាឱ្យការចំណាយលើការសាងសង់ស្ពាននេះអស់ថវិកាតិចបំផុត៕