ដោយ៖ សុខុម
ញូវយ៉ក: ការលក់ផ្ទះថ្មី ដែលមានទំហំសម្រាប់មួយគ្រួសាររស់នៅ ក្នុងសហរដ្ឋអាមេរិក កាលពីខែកក្កដា បានដាំក្បាលចុះខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំកន្លះមកនេះ ខណៈអត្រាប្រាក់លើកម្ចីទិញផ្ទះនៅតែខ្ពស់ ហើយតម្លៃផ្ទះកាន់តែធ្វើឱ្យពលរដ្ឋគ្មានលទ្ធភាពទិញ។
របាយការណ៍ពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា បានបង្ហាញថា យុទ្ធនាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដើម្បីធ្វើឱ្យសេដ្ឋកិច្ចបង្អង់ល្បឿន ក្នុងគោលបំណងទប់អតិផរណា កំពុងសម្រេចបានលទ្ធផលដដែលចង់បានខ្លះៗហើយនៅក្នុងទីផ្សារលំនៅដ្ឋាន។
ទោះជាយ៉ាងណា ទីផ្សារលំនៅដ្ឋានក្នុងប្រទេសនេះជារួមមិនទំនងជាដួលរលំនោះឡើយ។ នេះបើយោងតាមក្រុមអ្នកជំនាញ។
លោក Matthew Walsh អ្នកជំនាញសេដ្ឋនៅក្រុមហ៊ុនវិភាគទិន្នន័យ Moody’s Analytics ដែលមានមូលដ្ឋាននៅ West Chester រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានលើកឡើងថា “ធនាគារកណ្តាលអាមេរិក កំពុងទទួលបានអ្វីដែលខ្លួនចង់បានហើយ។ ទីផ្សារលំនៅដ្ឋានចាំបាច់ត្រូវតែស្ងប់ មិនជ្រួលច្របល់ ហើយអត្រាការប្រាក់ខ្ពស់ គឺជាមធ្យោបាយតែមួយគត់ ដែលនឹងជួយសម្រេចគោលនៅនោះ”។
ការលក់ផ្ទះថ្មីបានធ្លាក់ចុះ១២,៦%មកនៅត្រឹម៥១១.០០០យូនីត កាលពីខែមុន ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០១៦។ ល្បឿននៃការលក់ក្នុងខែមិថុនា បានបង្អង់ល្បឿនមកនៅត្រឹម៥៨៥.០០០យូនីត បើធៀបនឹង៥៩០.០០០យូនីត ដែលត្រូវបានរាយការណ៍មុននេះ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានព្យាករថា ការលក់ផ្ទះថ្មី ដែលមានចំនួន៩,៦% នៃការលក់ផ្ទះនៅសហរដ្ឋអាមេរិក នឹងធ្លាក់ចុះដល់អត្រា៥៧៥.០០០យូនីត។
ការលក់ផ្ទះបានធ្លាក់ចុះ២៩,៦%ក្នុងខែកក្កដា។ ការលក់បានកើនឡើងខ្ពស់បំផុត ក្នុងអត្រា៩៩៣.០០០យូនីត ក្នុងខែមករា ឆ្នាំ២០២១ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ២០០៦៕