ដោយ៖ សុផារី
ភ្នំពេញ៖ ម្ចាស់គម្រោងលំនៅឋានអភិជនបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចាប់ផ្ដើមសាងសង់គម្រោង “វិមានសំណាងថោន” (Vimean Samnang Town) ជាផ្លូវការ។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។
លោកឧកញ៉ាបណ្ឌិត បានសរសេរថា “គម្រោង “វិមានសំណាងថោន” (Vimean Samnang Town) ដែលមានតម្លៃវិនិយោគដល់ទៅជាង៥០០លានដុល្លារ បានកំណត់ថ្ងៃត្រៀមបុកគ្រឹះសាងសង់យ៉ាងច្បាស់លាស់ នាថ្ងៃព្រហស្បត៌ ទី២៤ សីហា ២០២៣”។
លោកឧកញ៉ាបណ្ឌិត ឱ្យដឹងទៀតថា គម្រោង “វិមានសំណាងថោន” នោះនឹងមានសាងសង់ដូចជា ផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំជប់លៀង អាពាហ៌ពិពាហ៌ និងសាលប្រជុំ។
បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គម្រោងដ៏ធំមួយនេះ មានតម្លៃប្រហែល៥០០លានដុល្លារ ត្រូវការពេល៦ឆ្នាំ ដើម្បីលក់អស់ និង៩ឆ្នាំ ដើម្បីសង់បញ្ចប់ ដោយគម្រោងនេះអាចផ្តល់ការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា និងមុខរបររាប់រយដល់អ្នករស់នៅក្នុងសហគមន៌ ហើយក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់។ ជាពិសេស វិមានសំណាងថោន ក៏នឹងបានរួមចំណែកពន្ធគ្រប់ប្រភេទ ក្នុងទំហំរាប់សិបលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា៕