ដោយ៖ សុផារី
ភ្នំពេញ៖ ភ្នាក់ងារអចលនទ្រព្យ ជាបុគ្គលសំខាន់ ដែលនឹងជំរុញការលក់ និងរីកចម្រើនរបស់ក្រុមហ៊ុនមួយ។ ការស្វែងរកមនុស្សមកជាភ្នាក់ងារអចលនទ្រព្យ អាចជារឿងមួយងាយស្រួល ប៉ុន្តែការគ្រប់គ្រង និងរៀបចំភ្នាក់ងារទាំងនោះឱ្យធ្វើការប្រកបដោយប្រសិទ្ធភាពអាចមិនមែនជារឿងងាយស្រួលនោះទេ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Advance លោក ឡុង គីមសួគ៌ បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថា ដើម្បីគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យ នៅក្នុងក្រុមហ៊ុនមួយឱ្យធ្វើការ ប្រកបដោយប្រសិទ្ធិភាព និងនៅធ្វើការជាមួយក្រុមហ៊ុនបានយូរ ថ្នាក់ដឹកនាំគួរគិតគូរចំណុចសំខាន់ៗចំនួន៥រួមមានៈ
ទី១ ត្រូវប្តូរពីការគ្រប់គ្រងមកជាការដឹកនាំ មានន័យថា យើងមិនអាចគ្រប់គ្រងមនុស្សដោយការបញ្ជាតាមរយៈការប្រើប្រាស់តំណែងធំជាងនោះទេ។ ជាធម្មតា ថ្នាក់ដឹកនាំគួរជាអ្នកបង្ហាញផ្លូវ ដល់ភ្នាក់ងារថាតើគួរដើរផ្លូវណា ធ្វើអ្វីខ្លះ មានផែនការយ៉ាងណា ហើយក៏គួរស្តាប់យោបល់របស់ភ្នាក់ងារផងដែរ។ អ្នកដឹកនាំគួរបើកចិត្តទូលាយ និងបើកឱកាស ដល់សមាជិកដើម្បីបង្ហាញមតិយោបល់ផ្ទាល់ខ្លួន។
លោកថា “ការគ្រប់គ្រងរបៀបនេះជាការដឹកនាំទៅរកផ្លូវល្អ សម្រាប់ក្រុមហ៊ុន និងភ្នាក់ងារក្រុមហ៊ុន។ កាលណាមនុស្សសប្បាយចិត្តនឹងធ្វើការ នោះគាត់នឹងធ្វើការមិនហត់ ធ្វើការចេញពីបេះដូង និងនៅជាមួយយើងយូរ”។
ទី២ ត្រូវមានស្មារតីរួបរួម ព្រោះការងារជាភ្នាក់ងារអចលនទ្រព្យ ជាការងារក្រុម ដែលត្រូវតែកំណត់គោលដៅរួមគ្នា ធ្វើយ៉ាងណាឱ្យមនុស្សធ្វើការរួមគ្នា និងធ្វើការជាក្រុម ដោយបែងចែកតាមផ្នែក តាមជំនាញរៀងៗខ្លួន។ កាលណាមានសមាជិកណាមួយមិនពេញចិត្តនឹងគោលដៅរួម នោះនឹងធ្វើឱ្យប៉ះពាល់ដល់ការងារទាំងមូល។
លោកបញ្ជាក់ថា ” អ្នកដឹកនាំត្រូវតែមើលឱ្យបានដិតដល់អំពីស្មារតីនៃក្រុម ថាតើក្រុមការងាររបស់យើងកំពុងបែកបាក់ឈ្លោះ ឬបែងចែកបក្សពួក? ប្រសិនបើមានបញ្ហាទាំងនេះ នោះការងារយើងនឹងមានបញ្ហា”។
ទី៣ ការងារផ្តល់ឲ្យនូវអ្វីដែលភ្នាក់ងារចង់បាន មានន័យថា នៅពេលក្រុមហ៊ុនផ្តល់អ្វីដែលក្រុមការងារចង់បាន និងតាម លទ្ធភាពរបស់ក្រុមហ៊ុន នោះបុគ្គលិកនឹងមានភាពកក់ក្តៅ សប្បាយចិត្តហើយនឹងនៅធ្វើការជាមួយក្រមហ៊ុនរយៈពេលវែង។
ទី៤ ប្រព័ន្ធការងារច្បាស់លាស់។ នៅពេលស្ថាប័នការងារមួយមានការបែងចែកប្រព័ន្ធការងារមិនច្បាស់លាស់ នោះភ្នាក់ងារនឹងធ្វើការមិនស៊ីចង្វាក់គ្នា កើតមានបញ្ហាទាស់ទែង មិនមានតម្លាភាពក្នុងការងារ ហើយការងារនឹងមិនមានប្រសិទ្ធភាព។
លោកបន្តថា “ប្រព័ន្ធការងារក៏មានសារៈសំខាន់ណាស់ ដូច្នេះត្រូវយកចិត្តទុកដាក់ ថ្លឹងថ្លែង គិតគូរ ធ្វើយ៉ាងណាឲ្យមានប្រព័ន្ធការងារច្បាស់លាស់ លំហូរការងារច្បាស់លាស់”។
ទី៥ ចក្ខុវិស័យវែងឆ្ងាយរបស់អ្នកដឹកនាំ: ក្រុមហ៊ុនត្រូវតែមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍក្រុមហ៊ុនឲ្យរីកចម្រើនរហូតបាន ដែលអាចផ្តល់ទំនុកចិត្តដល់ភ្នាក់ងារឲ្យនៅជាមួយក្រុមហ៊ុនបានយូរបាន៕