រដ្ឋាភិបាលជប៉ុនសន្យាផ្ដល់ជំនួយ៣០ពាន់លានដុល្លារអាមេរិកដល់បណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ដើម្បីទប់ឥទ្ធិពលរបស់មហាយក្សចិន

0

ដោយៈ សុខុម

ជប៉ុន: ប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោកមានគម្រោងផ្ដល់ជំនួយ និងទុនវិនិយោគសរុប៣០ពាន់លានដុល្លារអាមេរិក ដល់អាហ្វ្រិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈខ្លួនកំពុងប្រឹងប្រែងទប់ឥទ្ធិពលដែលរីកកាន់តែខ្លាំងរបស់មហាយក្សចិន។

ថ្លែងតាមរយៈ Video Link នៅឯសន្និសីទអន្តរជាតិក្រុងតូក្យូ ស្តីពីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក (TICAD) លើកទី៨ ពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន នឹង​”រីកចម្រើនរួមគ្នាជាមួយអាហ្វ្រិក”។ នេះបើយោងតាមសារព័ត៌មា​ន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៩ ខែសីហា នេះ។

លោក Fumio Kishida បានគូសបញ្ជាក់ថា “តួលេខនេះគឺកើនឡើងពី២០ពាន់លានដុល្លារអាមេរិក ដែលជប៉ុនបានសន្យាផ្ដល់ដល់បណ្ដាប្រទេសនៅអាហ្វ្រិកក្នុងឆ្នាំ២០១៩ “ហើយយើងសម្រេចវាបានយ៉ាងជោគ​ជ័យក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ”។

ការសន្យាផ្ដល់ជំនួយ និងទុនវិនិយោគពីវិស័យរដ្ឋ និងឯកជននៃប្រទេសជប៉ុន នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងតូក្យូ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន ដែលត្រូវបានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនរិះគន់ថា ធ្វើឱ្យបណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិកជាប់ផុងក្នុងបំណុល។

យោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organisation) បង្ហាញថា ពាណិជ្ជកម្មសរុបរបស់ប្រទេសជប៉ុន ជាមួយទ្វីបអាហ្វ្រិក គឺតិចតួចណាស់ បើធៀបនឹងពាណិជ្ជកម្មរបស់ទ្វីបនេះជាមួយប្រទេសចិន។

ក្នុងឆ្នាំ២០២០ ការនាំចេញរបស់អាហ្រ្វិក ទៅកាន់ប្រទេសជប៉ុន មានទំហំ៨,៦ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលរបស់អាហ្វ្រិក ពីប្រទេសជប៉ុន មានទំហំប្រមាណ៧,៩ពាន់លានដុល្លារអាមេរិក។

បើធ្វើការប្រៀបធៀបគ្នា ពាណិជ្ជកម្មសរុបរបស់មហាយក្សចិន ជាមួយទ្វីបអាហ្វ្រិក ពោលគឺទាំងការនាំចេញ និងការនាំចូល បានកើនឡើងរហូតដល់២៥៤ពាន់លានដុល្លារអាមេរិក ឯណោះកាលពីឆ្នាំមុន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here