ដោយៈសុធីតា
សៀមរាបៈ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តសៀមរាប ត្រូវបង្កើតតំបន់ទីក្រុងថ្មីមួយទៀត ឆ្ងាយពីទីក្រុងបេតិកភណ្ឌ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដែលនឹងមានចំនួនកាន់តែច្រើនឡើងៗក្នុងមួយឆ្នាំៗ។
មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងជំនាញវិស័យទេសចរណ៍ នៅខេត្ដសៀមរាប កាលពីសប្ដាហ៍មុនថា លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ទីក្រុងសៀមរាប នៅឆ្នាំ២០៣៥ ត្រូវទទួលអ្នកទេសចរអន្ដរជាតិ៧លាននាក់ ដែលអាចផ្តល់ចំណូលថវិកា៥ពាន់លានដុល្លា ហើយពលរដ្ឋមានការងារធ្វើ៩០ភាគរយ ដែលទាមទារឱ្យមានការបង្កើតនូវទីក្រុងសៀមរាបថ្មីមួយទៀត ដែលមានទីតាំងឆ្ងាយពីទីក្រុងបេតិកភណ្ឌ។
លោកមានប្រសាសន៍ថា “ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលត្រូវរក្សាការពារឱ្យបានហ្មត់ចត់ ដើម្បីទទួលទេសចរ”។លោកបញ្ជាក់ថា “យើងមិនអាចទប់ទេសចរ៧លាននាក់ នៅក្រុងសៀមរាបបានទេ។ ទីក្រុងនេះគឺជាជាទីក្រុងបេតិកភណ្ឌ ត្រូវតែការពារជាដាច់ខាត មិនអាចធ្វើអ្វីបានស្រេចតែអំពើចិត្តនោះទេ”។
លោកថោង ខុនបានបន្តថា ទីក្រុងដែលជាទី Access ចូលទៅកាន់អង្គរត្រូវតែរក្សាឱ្យបានហ្មត់ចត់ ហេតុនេះដើម្បីជួយសម្រាលសម្ពាធនេះ ត្រូវបង្កើតតំបន់សៀមរាបថ្មីមួយទៀត ហៅថា “ទីក្រុងសៀមរាបថ្មី” ក៏បាន ប៉ុន្តែការបង្កើតទីក្រុងមានបែបបទច្រើនណាស់។ តំបន់សៀមរាបថ្មីមួយនេះ ដើម្បីសម្រាលទីក្រុងសៀមរាបនេះ”។
សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងសៀមរាបថ្មីនេះ អនុញ្ញាតិឱ្យមានការប្រើប្រាស់នូវស្ថាបត្យកម្មបុរាណ តែមានលក្ខណៈថ្មី ស្របជាមួយស្ថាបត្យកម្មបែបអង្គរ តែមានភាពថ្មី ហើយអាចបង្កើតនូវតំបន់កំសាន្តបាន នៅក្នុងតំបន់ទីក្រុងថ្មីនេះ។
លោកបានស្នើឱ្យរៀបចំកន្លែងទេសចរណ៍ ឱ្យបានស្រស់ស្អាត និងត្រូវមានការរៀបចំតំបន់ទីក្រុងសៀមរាបថ្មី ក្រៅពីទីក្រុងបេតិភណ្ឌ ដូចជានៅជិតព្រលានយន្ដហោះថ្មី និងត្រូវរៀបចំគោលដៅអភិវឌ្ឍន៍ទេសចរ កន្លែងផ្សេងទៀតឱ្យបានច្បាស់ ដូចជា បឹងទន្លេសាប ចុងឃ្នៀស ជាដើម។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការព្យាករណ៍ សម្រាប់រយៈពេលពេញ១ឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួន២.២៧៨.៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១.២៤២.៨៥៤នាក់ រួចទៅហើយ៕