ដោយៈ គង់ សូរិយា
ប្រទេសចិនៈ រដ្ឋាភិបាលចិនបាន និងកំពុងត្រៀមបញ្ចេញទំហំទឹកប្រាក់ដ៏សម្បើម ដើម្បីជួយអ្នកអភិវឌ្ឍអចលនទ្រព្យ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។
ឥណទានពិសេសនេះ នឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។
ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន និងធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។
ទំហំកម្ចីជាង២៩ពាន់លានដុល្លារនេះ មិនមែនដើម្បីជំរុញទីផ្សារអចលនទ្រព្យ ឬជួយសង្រ្គោះអ្នកអភិវឌ្ឍន៍ទេ តែនឹងត្រូវផ្លល់ឱ្យសម្រាប់គម្រោងគម្រោងលំនៅដ្ឋានដែលត្រូវបានលក់ហើយ ប៉ុន្តែការដ្ឋានគាំង ដោយសារអ្នកអភិវឌ្ឍខ្វះសាច់ប្រាក់ប៉ុណ្ណោះ។
រដ្ឋាភិបាលក្នុងតំបន់ នឹងពិនិត្យមើលទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកអភិវឌ្ឍន៍ជាក់ស្ដែង មុនពេលផ្តល់ប្រាក់កម្ចី។
គម្រោងនេះ កើតឡើងបន្ទាប់ពីអ្នកទិញផ្ទះជាច្រើន បានធ្វើបាតុកម្មបញ្ឈប់ការបង់ប្រាក់កម្ចីទៅធានាគារព្រោះ អ្នកអភិវឌ្ឍមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន។
បញ្ហានេះកើតចេញពី ក្រុមហ៊ុនអចលនទ្រព្យយក្សចិនជាច្រើន ដូចជា Evergrande Shimao និង Sunac បានធ្លាក់ក្នុងអន្ទាក់បំណុល ហើយខ្វះសមត្ថភាព ក្នុងការបញ្ចប់ការដ្ឋានគម្រោង ដែលបានលក់ដាច់រួចរាល់។
អ្នកវិភាគអន្តរជាតិជាច្រើនយល់ថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យ ដែលកើនលើសលុប ពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយ ព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះ មកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។