ដោយ រ៉ាវី
ភ្នំពេញ៖ អារ៉ាមមួយក្នុងខេត្តបន្ទាយមានជ័យ ស័ក្តិសមជាទីតាំងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលចង់ប្រែក្លាយវត្តអារ៉ាមចំណាស់ៗ ជាផលិតផលទេសចរណ៍បន្ថែមទៀត។
យោងតាម Facebook Page របស់ព្រះតេជគុណ ធម្មាលង្ការោ ចាន់ សុជនចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ បានឲ្យដឹងថា ទីវត្តដែលព្រះអង្គរមែងបង្ហោះអោយឃើញពីទិដ្ឋភាពស្អាតៗ និងសមិទ្ធផលល្អៗបម្រើអោយវិស័យព្រះពុទ្ធសាសនានេះ គឺជាវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
-->
វត្តនេះនៅប៉ែកខាងជើងផ្លូវជាតិលេខ៦ (ដោយចូលតាមផ្លូវគ្រួសចម្ងាយប្រមាណជា៧គីឡូម៉ែត្រ)។ ទីអារ៉ាមនេះមានផ្ទៃដីសរុបជាង៧ហិកតា ដោយក្នុងផ្ទៃទាំងមូល ត្រូវបានរៀបចំកសាងជាសមិទ្ធផលបម្រើអោយព្រះពុទ្ធសាសនា ដូចគ្នានឹងពុទ្ធមណ្ឌលធំៗផងដែរ ប៉ុន្តែនឹងធ្វើអោយល្អជាង អោយស្អាត ដើម្បីជាប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនៅទូទាំងប្រទេស និងអ្នកទេសចរណ៍។
វត្តដែលមានផ្ទៃដីធំល្វឹងល្វើយ ហើយត្រូវបានរៀបចំជាទីអារ៉ាមបែបពុទ្ធមណ្ឌលបម្រើអោយវិស័យសាសនា ដែលសូម្បីតែអ្នកទស្សនាទេសចរណ៍ ក៏ផ្អើល និងលាន់មាត់សរសើរ។ ស្ទើរតែគ្រប់សមិទ្ធិផល និងការរៀបចំនៅក្នុងវត្តនេះ ចង់ឡូយជាងរមណីយដ្ឋានកម្សាន្តខ្លះផង។
ព្រះអង្គបានមានសង្ឃដិកាឲ្យដឹងទៀតថា សមិទ្ធផលនៅក្នុងទីអារ៉ាមសុទ្ធតែបានជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុកគ្រប់ទិសទី ដោយក្នុងនោះនៅលើផ្ទៃដីទាំង៧៥,០០០ម៉ែត្រការ៉េរបស់វត្ត នឹងស្ថាបនាជាទម្រង់ប្រវត្តិព្រះពុទ្ធ និងជាសមិទ្ធផលសំខាន់ផ្សេងៗ ដើម្បីអោយទីអារ៉ាមមួយនេះ ក្លាយជាសារមន្ទីរបង្ហាញទម្រង់ក្នុងជំនឿព្រះពុទ្ធធំមួយ និងដើម្បីអោយអ្នកចង់បួសរៀន និងចង់បានភាពស្ងប់ស្ងាត់ក្នុងផ្លួវចិត្ត មានកន្លែងមកតាំងសមាធិ និងសន្សំសុខផ្លូវចិត្តផង។
ទន្ទឹមនឹងនេះ ព្រះអង្គកំពុងដឹកនាំកាងសមិទ្ធផលធំៗ ជាច្រើនផ្សេងទៀតក្នុងវត្ត ដោយក្នុងពេលនេះ ព្រះអង្គនឹងកសាងពុទ្ធបដិមាមួយអង្គកម្ពស់៨០ម៉ែត្រ ដើម្បីអោយប្រទេសកម្ពុជាមានព្រះពុទ្ធបដិមាធំ និងខ្ពស់ជាងមួយអង្គទុកជានិមិត្តរូបនៃព្រះពុទ្ធសាសនា។
វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ បានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៣៨ តែត្រូវបំផ្លាញក្នុងសម័យប៉ុលពត ហើយបានរៀបចំជាវត្តពេញលេញឡើងវិញ កាលពីឆ្នាំ២០១០ និងចាប់ផ្ដើមកសាងជារមណីយដ្ឋាន បម្រើអោយព្រះពុទ្ធសាសនាកាលពីអំឡុងឆ្នាំ២០១៣ ។
មកទល់ពេលនេះ ក្នុងវត្តទាំងមូលមានព្រះសង្ឃគង់នៅសរុបចំនួន១៧៣អង្គ ដោយវត្តនេះកំពុងក្លាយជាទីអារ៉ាម ដែលមានការចាប់អារម្មណ៍ពីការរៀបចំគួរអោយកត់សម្គាល់ ព្រោះតែទិដ្ឋភាពនិងសមិទ្ឋិផលពុទ្ឋសាសនានានា៕
