ដោយ: លាងហួរ
ប្រទេសថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យK.E.Group និងអតីតម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Raimon Land បានបង្កើតមូលនិធិភាគហ៊ុនឯកជនមួយ ជាមួយនឹងការវិនិយោគដំបូង ចំនួនជាង៥៤លានដុល្លារ ដើម្បីសហការវិនិយោគ ក្នុងគម្រោងអចលនទ្រព្យមានស្រាប់ ដែលអ្នកអភិវឌ្ឍន៍កំពុងត្រូវការសាច់ប្រាក់ងាយស្រួល ឬអ្នកដែលចង់ដកសាច់ប្រាក់។
លោក Adrian Lee ដែលជាដៃគូគ្រប់គ្រងមួយក្នុងចំណោមដៃគូគ្រប់គ្រងទាំងបីរបស់ ALLY KEX Private Equity Trust បាននិយាយថា ការជឿទុកចិត្តដែលត្រូវបានគាំទ្រ ដោយម្ចាស់ក្រុមហ៊ុនK.E.Group លោក Kaveepan Eiamsakulrat គឺជាក្រុមហ៊ុនភាគហ៊ុនឯកជនដំបូងគេរបស់ប្រទេសថៃ ដែលផ្តោតលើអចលនទ្រព្យសុទ្ធសាធ។
ខណៈពេលដែលទីផ្សារអចលនទ្រព្យ កំពុងងើបឡើងវិញ ប៉ុន្តែអ្នកអភិវឌ្ឍន៍ នៅតែទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។ អ្នកអភិវឌ្ឍខ្លះ ត្រូវការមូលនិធិ ដើម្បីបញ្ចប់ការអភិវឌ្ឍន៍គម្រោង ដែលកំពុងដំណើរការរបស់ពួកគេ។
លោក Lee ដែលជាអតីតនាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនអភិវឌ្ឍន៍ Raimon Land Plc បាននិយាយថា អ្នកអភិវឌ្ឍន៍មួយចំនួនត្រូវដកប្រាក់ចេញ ដើម្បីធ្វើពិពិធកម្មពីទីផ្សារដែលធ្លាក់ចុះ ដូចជាខុនដូ ទៅកាន់ផ្នែកផ្សេងទៀត ដែលមានភាពទាក់ទាញដូចជាផ្ទះទាបៗ។
លោកLeeបានបន្តថា “ខ្ញុំបានជួបលោក Kaveepan កាលពីដើមឆ្នាំមុន។ យើងបានបង្កើនការជឿទុកចិត្ត ខណៈដែលយើងបានមើលឃើញនូវឱកាសមួយក្នុងការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យដែលមានសក្តានុពល និងស្ថិតក្នុងទីតាំងល្អ”។
លោក Panon Leelamanit ដែលជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនAlly Kex Private Equity Trust បាននិយាយថា យើងចាប់អារម្មណ៍លើគម្រោងលំនៅដ្ឋាន ដោយសារវាងាយស្រួល ជាងគម្រោងពាណិជ្ជកម្មដូចជាសណ្ឋាគារ។
គម្រោងទាំងនោះ ត្រូវតែបញ្ចប់ការសាងសង់ ឬប្រគល់ជូនអតិថិជន ក្នុងរយៈពេលបីឆ្នាំខាងមុខ៕