ដោយៈ សុផារី
កំពង់ស្ពឺៈ ការអភិវឌ្ឍឧស្សាហកម្មបាន និងកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាង ហើយបានប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សក្តានុពលវិនិយោគលើពាណិជ្ជកម្ម និងលំនៅឋាន ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកញ្ញាថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។
-->

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោយមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “ជាឧទាហរណ៍ ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានី ដោយបានបើកចំហ ឱ្យមាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រាប់ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍នៅពេលថ្មីៗនេះថា យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញ ទៅកាន់តំបន់ជាយក្រុង ក៏បានធ្វើឱ្យតំបន់ជាយក្រុង ទាំងនោះឡើងថ្លៃបន្ថែមទៀត ចំណែកតំបន់រោងចក្រនៅក្នុងក្រុង ក៏បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃថ្លៃជំនួសវិញ។
លោកបញ្ជាក់ថា “ការរៀបចំតំបន់ ក៏ដូចជាការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញ ទៅកាន់តំបន់ជាយក្រុង ក៏បានធ្វើឱ្យតំបន់ជាយក្រុងទាំងនោះឡើងថ្លៃបន្ថែមទៀត”។ លោកបន្តថា “ជាក់ស្ដែងការរុះរើរោងចក្រចេញពីផ្លូវវេងស្រេងទៅកាន់តំបន់ខ្លះ នៃរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងតំបន់ខ្លះនៃខេត្តកណ្ដាល បានធ្វើឱ្យមានការប្រែប្រួលតម្លៃដីធ្លីឡើងថ្លៃជាងមុន”។
ដោយឡែក សម្រាប់តំបន់រោងចក្រ នៅក្នុងក្រុងក៏បានផ្លាស់ប្តូរការអភិវឌ្ឍពីតំបន់ឧស្សាហកម្ម ទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃថ្លៃ៕
