ដំណឹងល្អ ប្រទេសកម្ពុជាទទួលបានពានរង្វាន់ពិភពលោកជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ

0

ដោយ៖ សហការី

ភ្នំពេញ៖ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយ គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។

មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២។

ពិធីប្រគល់ពានរង្វាន់ទាំងនេះត្រូវបានធ្វើឡើង នាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះ ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិ កើនឡើង៥៨០ភាគរយ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។

កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ “គោលដៅសម្រាប់ទ្វីបអាស៊ី” ទីមួយ គឺគោលដៅវប្បធម៌ឈានមុខគេ ក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀត ដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស។

លោក ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេស គ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង”។

លោក ថោង រដ្ឋសក្តិ បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩.៧៨២នាក់  សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here