ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាឧកញ៉ាវ័យក្មេងមួយរូប និងកំពុងទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញពីគំរោងអភិវឌ្ឍន៍ធំៗ ដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារអាមេរិក។
លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា លោកបាននិងកំពុងអភិវឌ្ឍន៍គំរោងជាច្រើន និងរៀបចំផែនការអភិវឌ្ឍន៍គំរោងជាបន្តបន្ទាប់ទៀត ដែលរួមមានទី១ បុរី វិមានសំណាង (Borey Vimean Samnang) លើដី២៥ហត ខាងជើងក្រសួងដែនដី២៥០០ម គឺមានតែវីឡាទោលទាំងអស់ តម្លៃចាប់ពីជាង៤២ម៉ឺនដុល្លារ ដល់ជាង៥លានដុល្លារ។
ទី២ វិមានសំណាង ថោន (Vimean Samnang Town) លើដីទំហំ៥០ហត តម្លៃទុនវិនិយោគ៥០០លានដុល្លារ នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៣ រួមមានផ្ទះអាជីវកម្ម វីឡាទោល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្សាទំនើប ខុនដូ និងកីឡាដ្ឋាន សម្រាប់មនុស្ស ២០ ០០០នាក់ស្នាក់នៅ។
ទី៣ គ្រាន់តែចង់សង់ វិមានសំណាងថោន នៅកម្ពុជាអោយបានលើសពី១២ទីតាំង សម្រាប់មនុស្សជាង៥០ម៉ឺននាក់ស្នាក់នៅ និងធ្វើអាជីវកម្ម អោយបានមុនឆ្នាំ២០៤២។
លោកឧកញ៉ាបណ្ឌិតបានបន្តថា “គីម ហ៊ាង មិនហ៊ានតូចចិត្តដែលម្តាយឆាប់ស្លាប់ ឪពុកអត់លុយ បងប្អូនបង្កើតនៅក្មេង តែបានសាច់ញាតិ និងមិត្តភក្តិរាប់អាន ពិសេសបាន Hollywood Club & KTV ផ្តល់ការងារអោយធ្វើជាអ្នករត់តុ (Waiter) និងកុដិលេខ១៨ វត្តមហាមន្រ្តី ផ្តល់ជាកន្លែងស្នាក់នៅ និងបាយបិណ្ឌបាយបាត្រ៦ឆ្នាំ ក្នុងនាមជា និស្សិតក្មេងវត្ត”។លោកបន្ថែមថា “បើគីម ហ៊ាង អាចធ្វើបាន នោះមានន័យថា យុវជនកម្ពុជាទាំងអស់ មកពីគ្រួសារក្រីក្រក៏អាចធ្វើបានដូចគ្នា”៕