ដោយ: លាងហួរ
ភ្នំពេញ: ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្តល់ការយល់ព្រមជាគោលការណ៍ដល់ក្រុមហ៊ុន Royal Railway Plc ដើម្បីចុះបញ្ជីមូលបត្របំណុលរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងថា ដើម្បីចុះបញ្ជីជាផ្លូវការ និងមានការជួញដូរមូលបត្ររបស់ខ្លួននៅលើផ្សារមូលបត្រ CSX ក្រុមហ៊ុន Royal Railway ត្រូវតែទទួលបានការយល់ព្រមពីនិយតករមូលបត្រកម្ពុជា (SERC) និងបំពេញតាមតម្រូវការចុះបញ្ជីបន្ថែមទៀតរបស់ CSX។
-->
Royal Railway គឺជាក្រុមហ៊ុនចុះបញ្ជីមូលបត្របំណុលដំបូងគេ ដែលទទួលបានការយល់ព្រមជាគោលការណ៍លើការចុះបញ្ជីពី CSX ក្នុងឆ្នាំ២០២២។ បង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមានកិច្ចព្រមព្រៀងសម្បទានពីរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី Royal Railway គឺជាក្រុមហ៊ុនតែមួយគត់ ដែលផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវដែក រួមទាំងការដឹកជញ្ជូនទំនិញតាមរថភ្លើង និងរថភ្លើងដឹកអ្នកដំណើរ។

បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផ្លូវដែកចំនួន២ខ្សែ ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដោយខ្សែទីមួយតភ្ជាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយខ្សែទី២តភ្ជាប់រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។
CSX គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ភាគហ៊ុនចំនួន៥៥ភាគរយ និងក្រុមហ៊ុនប្តូរប្រាក់កូរ៉េកាន់កាប់ភាគហ៊ុន៤៥ភាគរយដែលនៅសល់។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ CSX បានទទួលក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦។ ក្នុងនោះ មានក្រុមហ៊ុនមូលធនចំនួន៩ និងក្រុមហ៊ុនមូលបត្របំណុលសាជីវកម្មចំនួន៧ ដែលប្រមូលមូលធនសរុបបានជាង២៨០លានដុល្លារអាមេរិក៕
