ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃរំពឹងផលចំណេញខ្ពស់ពីកំណើនភ្ញៀវទេសចរឡើងវិញ

0

ដោយ: លាងហួរ

ថៃ: ខណៈអាជីវកម្មសណ្ឋាគារបានក្លាយជាកត្តាជំរុញដ៏សំខាន់ ស្របពេលមានកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ក្រុមហ៊ុន C.P. Land Plc រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងចំនួន៤២ភាគរយ ដល់២,៧ពាន់លានបាត (ជាង៧៤លានដុល្លារ) នៅឆ្នាំ២០២២នេះ។

លោក Keerati Satasook ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន បាននិយាយថា ប្រាក់ចំណូលពីសណ្ឋាគារបានធ្លាក់ចុះ នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ កំណើន៤២ភាគរយ នៃប្រាក់ចំណូល ដែលបានព្យាករណ៍ទុក នឹងត្រូវបានជំរុញជាចម្បង ដោយប្រាក់ចំណូលពីអាជីវកម្មសណ្ឋាគារ ដែលបានធ្លាក់ចុះ៤០ភាគរយ ក្នុងអំឡុងពេលជំងឺរាតត្បាត។

បច្ចុប្បន្ន ក្រុមហ៊ុន C.P. Land មានសណ្ឋាគារចំនួន១៣ ដែលមានបន្ទប់ចំនួន១.៨៧៧ ក្រោមម៉ាកយីហោ Fortune។ Grand Fortune Hotel Bangkok គឺជាសណ្ឋាគារដ៏ធំបំផុត ដែលមាន៤៦៣ ស្ថិតនៅលើផ្លូវរាជឆាដាពិសេក (Ratchadapisek) ហើយសណ្ឋាគារនេះបានកត់ត្រាចំនួនអ្នកស្នាក់នៅខ្ពស់បំផុត។

សណ្ឋាគារចំនួន១២ផ្សេងទៀត ស្ថិតនៅក្នុងខេត្តចំនួន៩ នៅទូទាំងប្រទេស។ សណ្ឋាគារ ដែលមានអ្នកស្នាក់នៅច្រើនជាងគេទីពីរ គឺ នៅខេត្តនគរស៊ីធម្មរាត បន្ទាប់មកគឺនគររាជសីមា រ៉ាយ៉ង និងនគរភ្នំ។

លោកបានបន្តថា យើងកំពុងសិក្សាខេត្តជាច្រើនដូចជា ភូកេត ក្រះបី និង ផាំងង៉ា ដើម្បីអភិវឌ្ឍសណ្ឋាគារថ្មីក្នុងរយៈពេល៣ឆ្នាំខាងមុខ។ យើងមានគម្រោងសណ្ឋាគារប្រណិត ដែលកំណត់គោលដៅភ្ញៀវទេសចរ ដែលចំណាយច្រើន និង សណ្ឋាគារដើម្បីបម្រើប្រជាជនចិន និងឥណ្ឌា។

សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ពី៣ទៅ៤ពាន់លានបាត ក្នុងមួយឆ្នាំសម្រាប់ការទិញដីឡូត៍ថ្មី ការអភិវឌ្ឍគម្រោងថ្មី និងដើម្បីកែលំអគម្រោងលំនៅដ្ឋាន និងខុនដូ ដែលមានស្រាប់ទូទាំងប្រទេស ដើម្បីចាប់ផ្តើមសកម្មភាពលក់ និងទីផ្សារឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here