ដោយស៊ីវ ម៉េង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗចំពោះមុខ ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនរ៉ឹងមាំរយៈពេលវែង។
លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងបាឋកថា ស្តីពីកានុវត្តន៍ភាពនានា និងការប្រឈមក្នុងការកសាងជាតិ ដែលរៀបចំនៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នេះថា កម្ពុជាក្រោយការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងនៅពេលដែលកម្ពុជាមានសន្តិភាពជាង២០ឆ្នាំមកនេះ បញ្ហាសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង ពោលគឺធ្វើឲ្យកម្ពុជាមានការប្រកួតប្រជែង ដើម្បីបង្កើនកំនើនសេដ្ឋកិច្ចជាតិ និងមានការរៀបចំកែទម្រង់ជាច្រើន ដើម្បីជម្រុញឲ្យមានប្រសិទ្ធភាព និងមានគុណភាព ដើម្បីអភិវឌ្ឍន៍ឈានទៅរកការប្រកួតប្រជែងប្រកបដោយជោគជ័យ ។
លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងប្រែក្លាយឧស្សាហកម្ម ដែលពឹងផ្អែកកំលាំងពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ ការតភ្ជាប់វិស័យវិស័យSME ទៅទីផ្សារអន្តរជាតិ និងការធ្វើទីផ្សារខ្លួនឯង ព្រមទាំងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគុណភាពវិស័យអប់រំជាដើម”។






