ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្អែកលើកម្រិតទំនាក់ទំនងទ្វេរភាគី ដែលមេដឹកនាំប្រទេសទាំងពីរបានពូនជ្រុំកម្រិតទំនាក់ទំនង មកដល់ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ការកើនឡើងនូវលំហូរពាណិជ្ជកម្ម ការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ សមណាស់រដ្ឋាភិបាលចិន បញ្ជូនអ្នកវិនិយោគរបស់ខ្លួន មកកាន់កម្ពុជាកាន់តែច្រើន។
ប៉ុន្តែហេតុអ្វីបានជាមកដល់ពេលនេះ ចំនួនអ្នកវិនិយោគចិននៅតែហូរចូលមកកម្ពុជានៅមានកម្រិត?។
អ្នកវិភាគឯករាជ្យ ដែលបានតាមដានទំនាក់ទំនងកម្ពុជា ចិន និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានសរសេរអត្ថបទវិភាគជាច្រើន ពីទំនាក់ទំនងកម្ពុជា ចិនបានលើកឡើងថា ការមិនទាន់មកដល់របស់អ្នកវិនិយោគចិនធំៗ នៅកម្ពុជាដោយសារកត្តាសំខាន់ៗចំនួន៤ រួមមានទី១ ប្រមុខដឹកនាំចិន ពោលគឺប្រធានាធិបតីស៊ី ជីនពីងកំពុងជាប់ដៃរកសម្លេងឆ្នោត ដើម្បីអានបន្តកាន់អំណាចនៅអាណត្តិទី៣បន្តទៀត។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចិន នឹងធ្វើឡើងនៅថ្ងៃទី១៦ តុលាខាងមុខនេះ។
ហេតុផលទី២ ដោយសារអ្នកវិនិយោគចិន បាននិងកំពុងត្រៀមរៀបចំខ្លួន ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នាពេលខាងមុខនេះ។
ហេតុផលទី៣ ការបិទប្រទេស និងវិបត្តិអចលនទ្រព្យរបស់ចិនជាផ្នែកសំខាន់មួយទៀត ដែលរដ្ឋាភិបាលចិនបានបិទលំហូរមូលធន ចេញក្រៅប្រទេស ដែលនេះជាគោលនយោបាយដ៏ស្ងៀមស្ងាត់ និងឆ្លាតវៃរបស់ប្រមុខរដ្ឋាភិបាលចិន ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ខ្លួនកំពុងជួបវិបត្តិផងដែរ ខណៈអាមេរិក និងបណ្តាសម្ព័ន្ឋមិត្តរបស់ខ្លួន បានរុញឲ្យចិនធ្វើអន្តរាគមន៍ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយ ក្រែន។
ហេតុផលធំលំដាប់ទី៤ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយរបស់ចិន និងអាមេរិក ដែលតែងតែព្យាយាមកកូរកាយបញ្ហាផ្ទៃក្នុងចិនផង និងកំពុងព្យាយាមដុតចិន ដើម្បីបញ្ឆេះសង្រ្គាមលើកោះតៃវ៉ាន់។
លោកយិន លាងគង់បានបន្តថា “ក្រោយការបោះឆ្នោតប្រធានាធិបតីចិន រដ្ឋាភិបាលចិននឹងបើកចំហរ និងអនុញ្ញាត្តឲ្យលំហូរមូលធនចេញពីប្រទេសចិន បើពុំដូច្នោះវិបត្តិធំមួយ នឹងកើតមាននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោកនេះមិនខាន”៕