ដោយៈ គង់ សូរិយា
តាកែវៈ ជាមួយទស្សនទាន នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវសង្គម និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ច សង្គម អ្នកអភិវឌ្ឍន៍ក្នុងស្រុកបាននិងកំពុងចូលទៅវិនិយោគនៅតំបន់ដ៏ស្រស់ត្រកាលមួយ នៃទឹកដីខេត្តតាកែវ។
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ផ្តាច់មុខជាមួយគេហទំព័រPropertyarea.asiaកាលពីថ្ងៃទី២១ កញ្ញាកន្លងមកថា ដោយសារនិន្នា ការរីកចម្រើនសេដ្ឋកិច្ចសង្គម ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ និងភាពមានបាន ពួកគាត់ត្រូវការកន្លែងសំរាកលំហែរកំសាន្ត ពិសេសត្រូវការធម្មជាតិ ដែលផ្តល់ភាពស្រស់ស្រាយដល់ជីវិតរបស់ពួកគាត់។
លោកបន្តថា “កាលពី៣០ឆ្នាំមុន អ្វីដែលប្រជាពលរដ្ឋខ្មែរគិតគូរមុនគេ គឺរកអ្វីឲ្យបានទទួលទានសិន ប៉ុន្តែបច្ចុប្បន្នពួកគាត់មានលុយច្រើន មានជីវភាពកាន់តែប្រសើរ មានហូបចុកគ្រប់គ្រាន់ ពួកគាត់ចាប់ផ្តើមគិតពីកន្លែងកំសាន្ត គិតពីការសម្រាកលំហែរកាយ”។ លោកបន្តថា “ឥលូវនេះប្រជាពលរដ្ឋមិនត្រឹមតែហូបឆ្អែតទេ ប៉ុន្តែពួកគាត់រស់ស្រួល និងចង់ធ្វើឲ្យជីវិតកាន់តែមានន័យ និងស្វែងរកគុណតម្លៃជីវិត”។
លោកCooler Tanបានបន្តថា ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែរីកចម្រើន បណ្តាញសង្គមកាន់តែផ្សព្វផ្សាយបានទូលំទូលាយ ពីពិភពលោក ហេតុនេះទើបប្រទេសក្រីក្របានកូពីអ្វី ដែលជាការរីកចម្រើនពីបណ្តាប្រទេសរីកចម្រើននានា យកមកកែច្នៃ និងអភិវឌ្ឍន៍ប្រទេសរបស់យើងបានកាន់តែល្អ និងលឿន។
គំរោងនេះ មានទីតាំងនៅភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតនៅភាគខាងលិចផ្លូវជាតិលេខ៤១ ជាតំបន់ដែលគេស្គាល់ថា អន្លង់ភ្ញៀវ កំពូលពេជ្រ និងត្រីមាសជាដើម។
លោកCooler Tanបានបន្តថា គំរោងឋានសួគ៌លំហែរ បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋដ៏ច្រើន ដើម្បីផ្តល់ឲ្យអ្នកចង់បានដីលំហែរទទួលបានអារម្មណ៍លំហែរ និងស្រស់ស្រាយពិតប្រាកដ ដោយយើងមានសួនច្បារ សួនទឹកសប្បនិម្មិត ទីធ្លាបៃតង និងទេសភាពជួរភ្នំដ៏ស្រស់ស្អាតនាតំបន់នោះ។
លោកបន្តថា ដោយសារចង់ឲ្យអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមអាចទិញដីលំហែរបាន លោកបានសម្រេចបោះទុនវិនិយោគ និងពុះដីក្នុងគំរោងនេះ ទំហំត្រឹម៥គុណនឹង២០ម៉ែត្រ ដែលអ្នកមានជីវភាពដូចលើកឡើងខាងលើអាចមានលទ្ឋភាពបង់ប្រាក់បាន និងមានកន្លែងលំហែរផងដែរ។
លោកបន្តថា អតិថិជនបង់ប្រាក់ត្រឹម៥០ដុល្លារ ក្នុងមួយខែជាមួយដីមួយឡូត៍ មានតម្លៃត្រឹម៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយពួកគេអាចសាងសង់ផ្ទះតាមរសនិយម និងចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់គម្រោង សំរាប់ទីតាំងមួយចំនួនដែលបានរៀបចំ ដើម្បីឲ្យការអភភិវឌ្ឍមានសណ្តាប់ធ្នាប់ មានសោភ័ណភាព និងរបៀបរៀបរយ។
ជាមួយគ្នានេះ លោកCooler Tanក៏បាន និងកំពុងរៀបចំសាងសង់ ក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើននៅក្នុងគំរោងនេះ ដើម្បីធានាថា គម្រោងឋានសួគ៌លំហែរ ជាគំរោងអភិវឌ្ឍន៍ ដែលផ្តោតលើនិរន្តរភាពបរិស្ថានផង ជាគំរោងប្រកប ដោយការទទួលខុសត្រូវផ្នែកសង្គមផង និងជាគំរោង ដែលមានការធានាសុវត្ថិភាពដល់អ្នករស់នៅ និងចង់សំរាកលំហែរ ដោយក្រុមហ៊ុន នឹងផ្តល់សន្តិសុខរក្សាសុខសុវត្ថិភាព២៤ម៉ោង៕