ដោយៈ សុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន ដែលកំពុងជួបវិបត្តិ China Evergrande Group កំពុងធ្វើការជាមួយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិការអចលនទ្រព្យមួយ ដែលគ្រប់គ្រងដោយរដ្ឋនៅក្រុងស៊ឹនជិន (Shenzhen) ដើម្បីសាងសង់បង្ហើយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួន៤នៅក្នុងទីក្រុងនេះ។
ក្រុមហ៊ុនទាំងពីរនេះ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញាកន្លងមកថា យោងតាមការចង្អុលបង្ហាញពីអាជ្ញាធរ ក្រុមហ៊ុន Evergrande បានណែនាំឱ្យក្រុមហ៊ុន Shenzhen Longgang Ancheng Investment Operation Co Ltd ជួយសាងសង់បង្ហើយគម្រោងអភិវឌ្ឍន៍ចំនួន៤ ដែលស្ថិតនៅក្នុងសង្កាត់ឡុងកាង (Longgang) នៃក្រុងស៊ឹនជិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរនិយាយថា ក្រុមហ៊ុនShenzhen Longgang Ancheng Investment Operation Co Ltd ដែលគ្រប់គ្រងដោយរដ្ឋ នឹងជួយសាងសង់បង្ហើយគម្រោងទាំងនេះ ដើម្បីធានាប្រគល់ផ្ទះជូនអ្នកទិញ។
ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បានថ្លែងកាលពីដើមខែនេះថា ការសាងសង់គម្រោងទាំងអស់ នៅទូទាំងប្រទេសចិន នឹងចាប់ផ្តើមឡើងវិញនៅចុងខែកញ្ញា នេះ។
ដោយត្រដាបត្រដួសខ្លាំង ព្រោះជាប់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បានបង្ខំចិត្តផ្អាកការសាងសង់ ក្នុងគម្រោងជាច្រើនកាលពីចុងឆ្នាំ២០២១។
ក្រុមហ៊ុននេះបាននិយាយក្នុងខែនេះថា គិតត្រឹមពាក់កណ្តាលខែកញ្ញា គម្រោងចំនួន៣៨ក្នុងចំណោម៧០៦គម្រោង នៅទូទាំងប្រទេសចិន មិនទាន់បានបន្តការសាងសង់ឡើងវិញទេ៕ Reuters៕