រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនទីទេសចរណ៍ម្ហូបអាហារតាមតំបន់ ដើម្បីបង្កើនការទាក់ទាញទេសចរ

0

ដោយៈ គង់ ម៉ាលីន

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនិងត្រៀមបោះពុម្ភផ្សាយ “ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា” ដែលមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្ត និងតំបន់សម្រាប់បង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលនិយមចូលចិត្តទទួលទានម្ហូបអាហារ និងឈ្វេងយល់/ស្វែងយល់ពីម្ហូបអាហារប្រចាំតំបន់។

មានប្រសាសន៍ក្នុងសន្និសីទស្ដីពីសមិទ្ធផល និងវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំរបស់ក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោកអាំង សុវណ្ណរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា នៅពេលឆាប់ខាងមុខនេះ ក្រសួងទេសចរណ៍នឹងបោះពុម្ភផ្សាយ “ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា” សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម។

លោកបានបន្តថា នៅពេលឆាប់ខាងមុខនេះ យើងនឹងបោះពុម្ភផ្សាយជាផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា ថានៅស្រុកខ្មែរ ខេត្តណាខ្លះមានសក្ដានុពលម្ហូបអាហារ ឧទាហរណ៍ថានៅបាត់ដំបងមានមីកូឡាជាដើម។លោកបន្តថា បច្ចុប្បន្នក្រសួងបានរៀបចំជា Soft បណ្ដើរៗហើយ ហើយក្នុងពេលឆាប់ៗខាងមុខ នឹងបោះពុម្ភជាខិត្តបណ្ណ កូនសៀវភៅ ឬ Pocket Guidebook សម្រាប់ចែកជូនដល់ភ្ញៀវទេសចរទាំងអស់នៅ តាមមណ្ឌលព័ត៌មានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

ផែនទីទេសចរណ៍ម្ហូបអាហារនោះ គឺមានរំលេចអំពីរូបភាព បញ្ជាក់ពីឈ្មោះម្ហូបអាហារ ប្រវត្តិ របៀបធ្វើ ដើម្បីទាក់ទាញភ្ញៀវឱ្យងាយស្រួល ក្នុងការឈ្វេងយល់ ពីព្រោះជូនកាលភ្ញៀវទេសចរណ៍ បានភ្លក្សរសជាតិហើយ បើបានដឹងប្រវត្តិទៀតគឺពួកគេកាន់តែជក់ចិត្ត។ ក្រុមជំនាញក៏នឹងមានការបកប្រែជាភាសាអង់គ្លេស និងភាសាបរទេសផ្សេងៗ សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

លោកបានបន្តឲ្យដឹងទៀតថា ទេសចរណ៍ម្ហូបអាហារនេះ គឺជាសក្ដានុពលធំ សម្រាប់គោលដៅទេសចរណ៍នីមួយៗ ហើយវាក៏ជាអនុវិស័យមួយក្នុងវិស័យទេសចរណ៍និងវប្បធម៌ ដែលមានភាពទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរ។

ក្រៅពីនេះ កម្ពុជាក៏ខិតខំផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជាជាគោលដៅម្ហូបអាហារ (Gastronomy) និងមានការផលិតស្ពតវីដេអូ ដែលមានទាំងភាសាខ្មែរ បកប្រែជាភាសាអង់គ្លេស និងភាសាចិន ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលយល់ដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here