ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងចំណោមបណ្ដាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាមានខណ្ឌចំនួនពីរ ដែលទាក់ទាញវិនិយោគិនក្នុងការអភិវឌ្ឍលំនៅជាពិសេសលំនៅឋានតម្លៃសមរម្យ ដោយមួយរយៈពេលចុងក្រោយនេះ ខណ្ឌដង្កោ និងខណ្ឌកំបូល ទទួលបានការអភិវឌ្ឍលំនៅឋានច្រើនជាងគេ។
ក្រលេកមើលទៅខណ្ឌដង្កោ ឃើញថាគម្រោងលំនៅឋានថ្មីៗជាច្រើនបានចាប់ផ្ដើមសាងសង់យ៉ាងមមាញឹក ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏តំបន់នេះ ទទួលគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗជាច្រើន និងមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគនិងពលរដ្ឋទិញផ្ទះសម្រាប់ស្នាក់នៅផងដែរ។
ដោយឡែកខណ្ឌកំបូលវិញក៏ឃើញថា មានគម្រោងអភិវឌ្ឍន៍ច្រើនក្នុងរយៈពេលចុងក្រោយនេះ និងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់ប៉ែកខាងលិចនិងប៉ែកខាងត្បូងភ្នំពេញ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើនជាពិសេសយើងឃើញមានគម្រោងអភិវឌ្ឍន៍ផ្លូវ ប្រព័ន្ធទឹក និងភ្លើង ហើយតំបន់ទាំងនោះតម្លៃ ក៏នៅមានកម្រិតទាបជាបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូច្នេះហើយអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ អាចស្វែងរកដីដើម្បីវិនិយោគ ឬអភិវឌ្ឍន៍លំនៅឋាន សម្រាប់លក់ជូនប្រជាពលរដ្ឋដែលមានតម្រូវការ។
លោកបន្តថា ការអភិវឌ្ឍលំនៅឋាននៅបណ្ដាខណ្ឌជាយក្រុង ក៏ជាការចូលរួមមួយក្នុងការរួមចំណែក ក្នុងផែនពង្រីកទីក្រុងភ្នំពេញ ពីព្រោះនៅពេលអនាគតខាងមុខ ទីក្រុងកាន់តែរីកសាយហើយតំបន់ ជាយក្រុងនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាទីប្រជុំជនដ៏មានសក្ដានុពល ទាំងផ្នែកពាណិជ្ជកម្មនិងការរស់នៅ។
ចំណែកលោកបណ្ឌិតឧកញ៉ាគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបនៅកម្ពុជាក៏ធ្លាប់បានលើកឡើងផងដែរថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃក្រោម១០ម៉ឺនដុល្លារ អាចទៅកាន់ផ្លូវជាតិលេខ៣ ប៉ែកខាងត្បូងឈៀងខាងលិចភ្នំពេញ ពីព្រោះថាតម្លៃដីធ្លីនៅតំបន់នោះ នៅមានកម្រិតទាបនៅឡើយ ដែលវិនិយោគិនអាចទិញដីហើយ អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យបាន តែបើទៅតំបន់ផ្សេងដូចជា ទៅតំបន់ខាងជើងភ្នំពេញជាតំបន់ដែលមានតម្លៃខ្ពស់បន្តិច ដោយផ្ទះខ្លះមានតម្លៃជាង១លានដុល្លារអាមេរិក ។
អ្នកស្រីអាន សុធីតា អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យPropNex Cambodia ក៏បានលើកឡើងផងដែរថា ខណ្ឌដង្កោជាខណ្ឌដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន បានងាកទៅតំបន់នោះ ដើម្បីអភិវឌ្ឍន៍លំនៅឋាន ហើយការអភិវឌ្ឍលំនៅឋាននៅតំបន់នោះក៏ឃើញថា មានកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕