កំណើនភ្ញៀវទេសចរទស្សនាខេត្តតំបន់ឆ្នេរជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ដីឡូត៏និងផ្ទះលំហែ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ ខេត្តពីរនៅតំបន់សមុទ្រឃើញថា នៅតែទទួលបានកំណើនភ្ញៀវទេសចរ ទៅទស្សនាកម្សាន្តហើយ តាមរយៈកំណើនភ្ញៀវទេសចរនេះដែរ វាបានក្លាយជាឱកាសដ៏ល្អមួយ សម្រាប់វិនិយោគិន ក្នុងការអភិវឌ្ឍដីឡូត៏ និងផ្ទះលំហែកាយសម្រាប់ប្រជាពលរដ្ឋ ដែលមកពីភ្នំពេញ ឬមកពីតំបន់ផ្សេងៗទៀត។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ខេត្តកែប និងកំពត បានក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ ពីសំណាក់ភ្ញៀវទេសចរ ក្នុងអំឡុងវិបត្តិកូវីដ១៩ ហើយរហូតមកដល់ពេលនេះ ក្រោយស្ថានភាពវិបត្តិកូវីដ១៩ ក៏ខេត្តទាំងពីរនេះ នៅតែទទួលបានភ្ញៀវទេសចរទៅទស្សនាកម្សាន្តច្រើនដែរ ។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកែបបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ តុលានេះថា កាលពីអំឡុងកូវីដ១៩មានពលរដ្ឋពីភ្នំពេញជាច្រើន បានស្វែងរកទីដីនៅខេត្តកែប ដោយខ្លះទិញសម្រា​ប់ទុកលក់ចំណេញ ខ្លះទិញសម្រាប់អភិវឌ្ឍន៍ជាផ្ទះលំហែកាយ សម្រាប់សម្រាកលំហែ នៅពេលចុងសប្ដាហ៍ជាលក្ខណៈគ្រួសារ ។

លោកបន្តថា រហូតមកដល់ពេលនេះ ឃើញថាចំនួនភ្ញៀវទេសចរមកសម្រាកលំហែនៅក្នុងខេត្តកែប មានចំនួនកាន់តែច្រើនហើយក៏ជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ដីលំហែ នៅក្នុងខេត្តកែប ក្នុងនោះដែរឃើញថារដ្ឋបាលខេត្ត ក៏បានបង្កើតតំបន់រមណីយដ្ឋានជាច្រើន សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត។ នៅតំបន់ជុំវិញរមណីយដ្ឋាននោះដែរ ក៏មានក្រុមហ៊ុនវិនិយោគមួយចំនួន ស្វែងរកដីសម្រាប់អភិវឌ្ឍន៍ដីឡូត៏លំហែផងដែរ ។

លោករដ្ឋាបានឱ្យដឹងថា ដោយសារតែចំនួនអ្នកមកទស្សនា នៅក្នុងខេត្តកែបកាន់តែច្រើន ធ្វើឱ្យរដ្ឋបាលខេត្ត បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រីកឆ្នេរកម្សាន្ត នៅក្នុងខេត្តកែបបន្ថែម និងមានប្រវែងកាន់តែច្រើន ដើម្បីឱ្យភ្ញៀវទេសចរមកដល់ខេត្តកែប ហើយមានទីតាំងកម្សាន្តកាន់តែធំទូលាយ ខុសពីកន្លងមកមានតែឆ្នេរកែបខ្លីប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកកែវ សុជាតិប្រធានសាខានៃក្រុមហ៊ុន KW Kampot បានមានប្រសាសន៍ផងដែរថា មួយរយៈពេលចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ដីនិងលំនៅឋានលំហែនៅក្នុងខេត្តកំពត មួយចំនួនបានងាកទៅកាន់ខេត្តកែប ដើម្បីអភិវឌ្ឍន៍ផ្គត់ផ្គង់ជូនអតិថិជន ដែលមានតម្រូវការ ធ្វើឱ្យសកម្ម​ភាពនៃការផ្គត់ផ្គង់ដីនិងផ្ទះលំហែនៅក្នុងខេត្ត កែបកាន់តែច្រើន ។

លោកបន្តថា “ដោយឡែកក្នុងខេត្តកំពតក៏ឃើញថា នៅតែមានសកម្ម​ភាពអភិវឌ្ឍអចលនទ្រព្យដែរ ពីព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែបន្តចាប់អារម្មណ៍ និងមកកម្សាន្តនៅក្នុងខេត្តកំពតមានចំនួនច្រើន ក្នុងនោះអ្នកអភិវឌ្ឍន៍ចាស់ៗ បានបន្តអភិវឌ្ឍន៍គម្រោងដីឡូត៏ និងផ្ទះលំហែរបស់ខ្លួនជាបន្តបន្ទាប់ ស្របនឹងអតិថិជននៅតែបន្តគាំទ្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here