ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្រោយពេលរដ្ឋាភិបាលកម្ពុជា ប្រកាសបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសឃើញថា បណ្ដាជនជាតិបរទេសដែលសំងំ នៅតាមអគារនានា ឬក្រុមលេងល្បែងជាពិសេសនៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមចាកចេញពីកម្ពុជាជាបន្តបន្ទាប់ ដែលការចាកចេញនេះ ចាប់ផ្ដើមជះផលអវិជ្ជមានដល់អាជីវកម្ម ដែលធ្លាប់ទទួលបានចំណូលពីក្រុមនេះ ។
លោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៤ តុលាថា ជាការពិតណាស់ នៅពេលរដ្ឋាភិបាល ប្រកាសបង្ក្រាបល្បែងស៊ីសងទូទាំងក៏ឃើញថាជនបរទេស នៅក្នុងខេត្តព្រះសីហនុបានចាកចេញពិតមែន ហើយការចាកចេញរបស់ជនបរទេសពីកម្ពុជា ជាពិសេសពីខេត្តព្រះសីហនុនេះដែរ ពិតជាបានបង្កផលប៉ះពាល់ ដល់ក្រុមអាជីវកម្មដែលធ្លាប់អាស្រ័យផល ពីក្រុមជនបរទេសទាំងនោះដែរ ។
លោកបន្តថា “យ៉ាងណាក្ដីផលប៉ះពាល់នេះ វានឹងមិនអូសបន្លាយយូរនោះទេ ហើយការចាកចេញរបស់ក្រុមជនបរទេសនេះ ភាគច្រើនគឺជាជនបរទេសដែលខុសច្បាប់”។ លោកបន្តថា “ដូច្នេះនៅពេលក្រុមនេះ ចាកចេញ នឹងមានក្រុមជនបរទេសស្របច្បាប់ និងពីប្រទេសផ្សេងៗទៀតចូលមកជំនួស ដែលនឹងធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តមួយនេះ មានដំណើរការល្អហើយនឹងមានស្ថេរភាពយូរអង្វែងនិងល្អប្រសើរ”។
លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា យើងមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុដែលទើបនឹងដំណើរការសាកល្បង។ ដូច្នេះហើយ ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបរទេស នឹងមកលេងខេត្តព្រះសីហនុ កាន់តែច្រើនក្នុងពេលខាងឆាប់ៗនេះ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅឃើញថា ក្នុងខេត្តព្រះសីហនុទទួលបាន កំណើនភ្ញៀវទេសចរមកលេងច្រើនជាងពេលមុនេះ។
អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងថា វាជាការពិតណាស់ការចាកចេញរបស់ជនជាតិវៀតណាម និងចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លាមៗនឹងធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណូលពលរដ្ឋធ្លាប់អាស្រ័យផល ដូចជាក្រុមអ្នកដឹកជញ្ជូន សេវាកម្មកម្សាន្តនៅក្នុងខេត្តនេះ និងម្ចាស់អគារដែលជួលឱ្យជនបរទេសទាំងនោះស្នាក់នោះជាដើម ។
អ្នកនាងបន្តថា “តែផលប៉ះពាល់នេះ វានឹងមិនអូសបន្លាយយូរនោះទេ នៅពេលឆាប់ៗវានឹងមានជនបរទេស ដែលជាវិនិយោគិននិងទេសចរ ដូច្នេះ ផលប្រយោជន៍ នឹងហុចមកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះឡើងវិញ។
កាលពីអំឡុងឆ្នាំ២០១៩ ក្រោយរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាន ក៏ធ្វើឱ្យជនបរទេស ជាពិសេសចិនចាកចេញពីកម្ពុជាច្រើនដែរ ហើយក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ក្នុងក្រុងសំខាន់ៗចំនួនបីរួមមានក្រុងប៉ោយប៉ែត ក្រុងបាវិត និងក្រុងព្រះសីហនុ ដោយគម្រោងមួយចំនួនបានគាំង និងធ្វើឱ្យការទិញលក់អចលនទ្រព្យ ត្រូវបន្ថយសកម្មភាពមួយកម្រិតផងដែរ៕