ដោយៈសុផារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនកូរ៉េ ហានស៊ីន ធ្វើយ៉ាងណាឱ្យគម្រោងផ្លូវជាតិលេខ២ និងលេខ២២ បញ្ចប់ការសាងសង់ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្រោយត្រូវបានពន្យាពេលម្តងជាពីរដង។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានជួបប្រជុំ ជាមួយលោក Park Heung-Kyeong អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លើការងារសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នាព្រឹកថ្ងៃទី៦ តុលាកន្លងមកនេះ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Minnie Chey នាយិកាមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាប ច្ចេកទេស។
កន្លងមក ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានរកឃើញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវ ទៅតាមកម្រិតបច្ចេកទេសនោះឡើយ ដោយលោកទេសរដ្ឋមន្ត្រី បានអះអាងថា លោកមិនអាចទទួលយកបាននូវការសាងសង់នេះឡើយ។
ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជា ការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្ត គម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ អាចសម្រេចបាននូវលទ្ធផលល្អ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈម ទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។
លោកឯកអគ្គរដ្ឋទូតកូរ៉េ Park Heung-Kyeong ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការសាងសង់ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការសហការឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងជំរុញឱ្យការអនុវត្តគម្រោង សម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។
គម្រោងកែលំអផ្លូវជាតិលេខ២ និង២២ មានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
គម្រោងនេះគ្រោងចំណាយ ថវិកា៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។ គម្រោងនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕