ដោយ: លាងហួរ
ប្រទេសថៃ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានអះអាងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ការងើបឡើងវិញនៃអំណាចទិញ និងតម្លៃលំនៅឋានដែលមិនផ្លាស់ប្តូរ នឹងជំរុញឱ្យមានកំណើនទីផ្សារលំនៅឋានក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី៤ ចំពេលប្រឈមវិបត្តិអតិផរណា និងអត្រាការប្រាក់កើនឡើង។
លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បាននិយាយថា ការដំឡើងអត្រាការប្រាក់មិនមែនជាក្តីបារម្ភទេ ដោយសារមានកត្តាវិជ្ជមានជាច្រើន ដែលនឹងជំរុញទីផ្សារអចលនទ្រព្យ នៅប៉ុន្មានខែចុងក្រោយ សម្រាប់ឆ្នាំ២០២២នេះ។
លោកបានបន្តថា សេដ្ឋកិច្ចថៃកំពុងកើនឡើង ហើយអំណាចទិញបានបន្តលើកឡើង បន្ទាប់ពីការងារបានប្រសើរឡើង ហើយឥទ្ធិពលនៃកត្តាវិជ្ជមានទាំងនេះ គឺខ្លាំងជាងឥទ្ធិពលនៃកត្តាអវិជ្ជមាន។
លោកបានឱ្យដឹងទៀតថា ទីផ្សារខុនដូក៏នឹងងើបឡើងវិញដែរ ខណៈប្រជាជនចាប់ផ្តើមមានអារម្មណ៍ថា មានផលប៉ះពាល់នៃការឡើងថ្លៃធ្វើដំណើរ។ អ្នកទិញផ្ទះខ្លះក៏មិនមានលទ្ធភាពទិញផ្ទះទាបៗដែរ ព្រោះតម្លៃរបស់ពួកគេបន្តឡើងថ្លៃដោយ សារតម្លៃដីកើនឡើង។
យោងតាមប្រធានសមាគមរូបនេះ តម្លៃដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានទាបៗបានកើនឡើង ប្រហែល២០ភាគរយ ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០-២០២១។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃផ្ទះទាបៗកើនឡើងពី៨ ទៅ១០ភាគរយ ក្នុងមួយឆ្នាំ។
លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋាន បាននិយាយថា ត្រីមាសទី៤នឹងក្លាយជាពេលវេលាដ៏ល្អបំផុត សម្រាប់អ្នកទិញផ្ទះ ដើម្បីពន្លឿនការសម្រេចចិត្ត ដោយសារតម្លៃអចលនទ្រព្យបានកើនឡើង ជារៀងរាល់ឆ្នាំ ដែលជំរុញដោយតម្លៃដីធ្លីកើនឡើង៕