ទីផ្សារលំនៅឋាននៅប្រទេសថៃរំពឹងមានកំណើនល្អប្រសើរនៅចុងឆ្នាំនេះ

0

ដោយ: លាងហួរ

ប្រទេសថៃ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានអះអាងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ការងើបឡើងវិញនៃអំណាចទិញ និងតម្លៃលំនៅឋានដែលមិនផ្លាស់ប្តូរ នឹងជំរុញឱ្យមានកំណើនទីផ្សារលំនៅឋានក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី៤ ចំពេលប្រឈមវិបត្តិអតិផរណា និងអត្រាការប្រាក់កើនឡើង។

លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បាននិយាយថា ការដំឡើងអត្រាការប្រាក់មិនមែនជាក្តីបារម្ភទេ ដោយសារមានកត្តាវិជ្ជមានជាច្រើន ដែលនឹងជំរុញទីផ្សារអចលនទ្រព្យ នៅប៉ុន្មានខែចុងក្រោយ សម្រាប់ឆ្នាំ២០២២នេះ។

លោក​បាន​បន្ត​ថា​ សេដ្ឋកិច្ច​ថៃកំពុង​កើនឡើង ហើយ​អំណាច​ទិញ​បាន​បន្តលើកឡើង ​បន្ទាប់​ពី​ការងារ​បាន​ប្រសើរ​ឡើង​ ហើយឥទ្ធិពលនៃកត្តាវិជ្ជមានទាំងនេះ គឺខ្លាំងជាងឥទ្ធិពលនៃកត្តាអវិជ្ជមាន។

លោក​បាន​ឱ្យដឹងទៀត​ថា ទីផ្សារ​ខុនដូ​ក៏​នឹង​ងើប​ឡើង​វិញ​ដែរ ខណៈ​ប្រជាជន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ មាន​ផល​ប៉ះ​ពាល់​នៃ​ការ​ឡើង​ថ្លៃ​ធ្វើ​ដំណើរ។ អ្នក​ទិញ​ផ្ទះ​ខ្លះ​ក៏​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​ទាប​ៗដែរ ព្រោះ​តម្លៃ​របស់​ពួក​គេ​បន្ត​ឡើង​ថ្លៃ​ដោយ សារ​តម្លៃ​ដី​កើនឡើង។

យោងតាមប្រធានសមាគមរូបនេះ តម្លៃដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានទាបៗបានកើនឡើង ប្រហែល២០ភាគរយ ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០-២០២១។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃផ្ទះទាបៗកើនឡើងពី៨ ទៅ១០ភាគរយ ក្នុងមួយឆ្នាំ។

លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋាន បាននិយាយថា ត្រីមាសទី៤នឹងក្លាយជាពេលវេលាដ៏ល្អបំផុត សម្រាប់អ្នកទិញផ្ទះ ដើម្បីពន្លឿនការសម្រេចចិត្ត ដោយសារតម្លៃអចលនទ្រព្យបានកើនឡើង ជារៀងរាល់ឆ្នាំ ដែលជំរុញដោយតម្លៃដីធ្លីកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here