រយៈពេល១ឆ្នាំមកនេះ គេហទំព័រPropertyarea.asia និងFacebook Page របស់យើងProperty Area Asiaបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់ព៌តមាន ចំណេះដឹង ផ្តល់ជាមូលដ្ឋានសម្រាប់ការវិភាគ ពិចារណា សម្រាប់ធ្វើការសម្រេចចិត្តដល់អ្នកវិនិយោគនានា ដោយឈរលើគុណតម្លៃនៃសារព៌តមាន។
ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងលើសលុប បានធ្វើឲ្យយើងរឹតតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីធ្វើយ៉ាងណាក្នុងការផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ ក្នុងវិស័យសារគមនាគមន៍នៅកម្ពុជា ដែលកាន់តែមានភាពប្រកួតប្រជែង។
តាមរយៈការខិតខំប្រឹងប្រែងរយៈពេល១ឆ្នាំមកនេះ គេហទំព័ររបស់យើងទទួលបានការគាំទ្រលើសការរំពឹងទុក ដោយយើងទទួលបានចំនួនអ្នកអានចន្លោះពី១០,០០០ ទៅ២,០០០០នាក់ជារៀងរាល់ថ្ងៃ និងចំនួនអ្នកចែករំលែកព៌តមានរបស់យើង រហូតដល់ជិត៣០០០នាក់ សម្រាប់អត្ថបទពេញនិយមនានា។
-->
យើងបាននិងកំពុងធ្វើការជាមួយក្រុមអ្នកសារព៌តមានឆ្នើមៗជាច្រើន ដែលមានបទពិសោធន៍ចាប់ពី១០ដល់២០ឆ្នាំ។ យើងដឹងច្បាស់ណាស់ពីសារសំខាន់នៃព៌តមាន ទើបយើងឈរលើមូលដ្ឋានផ្តល់ព៌តមានលឿនជាងគេ ព៌តមានពិត ទំនុកចិត្ត តុល្យភាព និងក្រមសីលធ៌ម (Fast, Reliable Trust, Balance& ethic) សម្រាប់ផ្តល់ជូនមិត្តអ្នកអាននានា។
ចាប់តាំងពីយើងដំណើរការរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានធ្វើឲ្យមានឥទ្ឋិពលដល់វិស័យសារព៌តមានOnlineនៅកម្ពុជា ដោយមានគេហទំព័រជាច្រើនបានលួចចំលងស្ទីលនៃការសរសេររបស់យើង បានកូពីព៌តមានរបស់យើងយកធ្វើជារបស់ខ្លួននិងបានលួចស្ទីលនៃលំនាំព៌តមានរបស់យើង ដែលនេះជារឿងគួរឲ្យមោទនភាព និងខកចិត្ត។
ហេតុនេះក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន Propertyarea.asia យើងសូមបញ្ជាក់ថា “ការយកព៌តមានរបស់យើងទៅកាលៃ ឬបំពេញបន្ថែមលើចំណុចណាមួយ ដើម្បីឲ្យមានភាពទាក់ទាញសម្រាប់គេហទំព័ររបស់ខ្លួន យើងសូមបដិសេធមិនទទួលខុសត្រូវនោះទេ”។
យើងបដិសេធនូវព៌តមានមិនពិត និងការសរសេរដើម្បីបំពុលសង្គមជាដាច់ខាត ព្រោះយើងយល់ថា”ការសរសេរព៌តមានមិនពិត និងដើម្បីផលប្រយោជន៍បុគ្គលណាម្នាក់ “វាជាឧក្រិដ្ឋកម្មមួយ”។សូមអរគុណសម្រាប់ការគាំទ្រ និងសូមអរគុណសម្រាប់ការអាន និងចែករំលែកព៌តមាននានារបស់យើង។
យើងបាននិងកំពុងឈរលើវិថី សម្រាប់ភាពជោគជ័យទាំងអស់គ្នា ពិសេសសូមថ្លែងនូវអំណរគុណដល់អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា ដែលបានគាំទ្រចំពោះគេហទំព័រ និង Facebook Page របស់យើងឲ្យដំនើរការយ៉ាងរលូន។
យើងស្វាគមន៍នូវរាល់មតិកែលំអរ ក្នុងន័យស្ថាបនាគ្រប់ពេលវេលា។
ដោយក្តីគោរពពីលោក យិន លាងគង់ ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Propertyarea.asia៕
សូមអរគុណ!
